(ភ្នំពេញ)៖ នាវាល្បាតនៃកងទ័ពជើងទឹកបារាំង ឈ្មោះវ៉ង់ដេមីញែរ (Vendémiaire) ដែលទើបមកពីប្រទេសឥណ្ឌូនេស៊ី នឹងធ្វើការ ចូលសំចត នៅក្រុងព្រះសីហនុ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ មុននឹងបន្តដំណើរទៅប្រទេសចិន។ ការចូលសំចតបន្ទាប់ពី ដំណើរល្បាត តាមសមុទ្រជាច្រើនខែនេះ ធ្វើឡើងដើម្បីរិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកម្ពុជា។ នេះបើតាមសេចក្តីប្រកាស របស់ស្ថានទូតបារាំងនៅកម្ពុជា។
ស្ថានទូតបារាំង បានប្រកាសថា តាមគម្រោងក្រៅពីការជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា និងនាយទាហាន នៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម លោកមេបញ្ជាការនាវានិងសហការីនឹងចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្ត ព្រះសីហនុ។ ក្នុងអំឡុងពេលចូលសំចតនេះ កងទ័ពនៃកងយោធពល ខេមរភូមិន្ទនិងសិស្សានុសិស្សនៅខេត្តព្រះសីហនុ នឹងមានឱកាស ឡើងធ្វើទស្សនកិច្ចលើនាវាផងដែរ។ ក្រៅពីនេះ លំហាត់សមរួមគ្នា ជាមួយកងទ័ពកម្ពុជា ក្នុងការគ្រប់គ្រង ការខូចខាតនឹងត្រូវរៀបចំឡើង។
នាវាល្បាតវ៉ង់ដេមីញែរ ដែលជានាវាល្បាតទី៥ ក្នុងចំណោមនាវាល្បាតទាំង៦ បានចាប់ផ្តើមបំពេញបេសកកម្មនៅឆ្នាំ១៩៩៣ ដោយត្រូវបានដាក់ពង្រាយភ្លាមៗ នៅមហាសមុទ្រប៉ាស៊ីហ្វិច។ នាវានេះមានមូលដ្ឋាននៅក្រុងនូមេអានៃប្រជុំកោះនូវែលកាឡេដូនី។ ក្នុងពេលមានសន្តិភាព នាវាល្បាតនេះបំពេញ បេសកកម្មជាច្រើន ដូចជាប្រចាំការនៅសមុទ្រ ដើម្បីល្បាត យកការណ៍និងប្រឆាំង បទល្មើសនានា ព្រមទាំងផ្តល់កម្លាំងអន្តរាគមន៍លើដីគោក។ ម៉្យាងទៀត នាវានេះក៏បំពេញ ការងាររដ្ឋលើផ្ទៃសមុទ្រ ដូចជាការងារ នគរបាលនាវាចរណ៍ ការឃ្លាំមើលការនេសាទ ការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន និងសកម្មភាពមនុស្សធម៌។ ភារកិច្ចមួយទៀត របស់នាវាវ៉ង់ដេមីញែរគឺការជួយជម្លៀសពលរដ្ឋបារាំងក្នុងករណីមានគ្រោះអាសន្ន ៕