(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរ តាមរថភ្លើង ទៅខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមេសាខាងមុន។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គម Facebook របស់លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
នេះគឺជាវត្តមានលើកដំបូងហើយរបស់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ដែលបានធ្វើដំណើរ តាមរថភ្លើង ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ក្រោយពីរថភ្លើងនេះ ទើបចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ខ្សែរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ព្រះសីហនុ ចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីខកខាន មិនបានដំណើរការជាង៣០ឆ្នាំ។
ចំពោះតំលៃនៃការធ្វើដំណើរតាមរថភ្លើងវិញ ពីភ្នំពេញទៅព្រះសីហនុ សំបុត្រថ្លៃ៧ដុល្លារក្នុងម្នាក់ ដោយប្រើរយៈពេល៨ម៉ោង លើចម្ងាយផ្លូវ ២៦០គីឡូម៉ែត្រ ហើយពីភ្នំពេញទៅតាកែវ សំបុត្រថ្លៃ ៥ដុល្លារ ខណៈពីភ្នំពេញទៅកំពត ថ្លៃ៦ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ សំបុត្រអាចរកទិញនៅតាមស្ថានីយរថភ្លើងនៅភ្នំពេញ ក៏ដូចជាតាមខេត្តផងដែរ។
លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែក បានឱ្យដឹងថា ក្រោយពេលដែលដាក់សាកល្បងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ខ្សែរថភ្លើងដឹកអ្នកដំណើរ ក៏បានផ្អាកដំណើរការវិញ ដោយរង់ចំាការប្រជុំពីក្រសួងសាធារណការ និងដឹកជញ្ចូន ជាមួយនឹងក្រុមហ៊ុនសិន ថាខ្សែរថភ្លើងដឹកអ្នកដំណើរ នឹងត្រូវដំណើរការវិញនៅពេលណាបន្តទៀត៕