(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទើបទទួលបានការជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើពលីកម្មគ្រប់បែបយ៉ាង បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យរឹងមាំ ឋិតថេរ ចីរភាព ដើម្បីឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោត។
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំពិតជាមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា មានទំនុកទុកចិត្តជ្រើសតាំងរូបខ្ញុំជាអនុប្រធានគណបក្ស»។
សម្តេចបានបន្តថា៖ «ក្នុងនាមជាអនុប្រធានគណបក្ស ខ្ញុំសូមប្តេជ្ញាចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ឋិតថេរ ចីរកាល ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតអាណត្តិជាបន្តបន្ទាប់»។
សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្រៅពីបោះឆ្នោតជ្រើសតាំងឥស្សរជនទាំងពីររូបនេះ អង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគតផងដែរ៕