(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនព្រះសង្ឃជនជាតិចិនមួយអង្គ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ក្រោយពេលឃាត់ព្រះកាយ នៅពេលកំពុងនិមន្តបិណ្ឌបាទ នាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ តាមមាត់សមុទ្រ ជាពិសេសនោះ គឺរំខានដល់អារម្មណ៍ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ការិយាល័យអន្តោប្រវេសន៍ បាននាំខ្លួនជនជាតិចិន ជាលោកសង្ឃ ដែលដើរបិណ្ឌបាទតាមបណ្តោយឆ្នេរអូរឈើទាល ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ ជាខ្លាំង រហូតមានការប្តឹងពី សំណាក់ភ្ញៀវផងដែរ ពីបទបង្កភាពអនាធិបតេយ្យ នៅតាមទីសាធារណៈ ប៉ះពាល់ដល់អ្នកដទៃ»។
បើតាមលោកស្នងការ ព្រះសង្ឃជនជាតិចិន ខាងលើមានឈ្មោះ Li Sihu កើតថ្ងៃទី១០ សីហា ១៩៦៦ កាន់លិខិតឆ្លងដែនលេខ G58826226 សុពលភាពដល់ថ្ងៃទី១៩ មករា ២០២២ និងទិដ្ឋាការលេខ EI00913282 ផុតសុពលភាពថ្ងៃ២២ កក្កដា ២០១៦៕