(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាសរុប ៣៦៨,៤៧៨ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួន៤ ក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយសន្តិសុខមនុស្សជាតិ ឬជំនួយឥតសំណងគូសាណូណ៌។
ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង៤។
គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងកែលម្អផ្លូវក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (ថវិកាចំនួន ៩៣,៩៣២ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។ ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើសម្រាប់ពង្រីកទទឹងផ្លូវបច្ចុប្បន្ន និងសាងសង់លូប្រអប់ ចំនួនមួយ និងលូមូលចំនួនពីរ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បន្ទាប់ពីអនុវត្តគម្រោងនេះ រំពឹងថាគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបានកាត់បន្ថយ ហើយលទ្ធភាពប្រើប្រាស់ផ្លូវនឹងមានភាពប្រសើរឡើងសម្រាប់ប្រជាជនដែលប្រើប្រាស់ផ្លូវនេះជាប្រចាំថ្ងៃ។
ទី២៖ គម្រោងសាងសង់មណ្ឌលសុខភាពស្រែអង្អង ក្នុងខេត្តរតនគិរី (ថវិកាចំនួន៩២,៣០៥ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរសុខាភិបាលខេត្តរតនគិរី។ ជំនួយឥតសំណងនេះនឹងត្រូវបានប្រើសម្រាប់សាងសង់មណ្ឌលសុខភាពថ្មីមួយនៅឃុំស្រែអង្រឹង ក្នុងខេត្តរតនគិរី។ បន្ទាប់ពីបញ្ចប់គម្រោងរំពឹងថា ប្រជាជនក្នុងតំបន់ជាង១៣,៥០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ តាមរយៈការកែលម្អគុណភាពនៃសេវាវេជ្ជសាស្ត្រ ក៏ដូចជាបរិយាកាសវេជ្ជសាស្ត្រ ហើយពួកគាត់នឹងទទួលបានសេវាសុខភាពប្រកបដោយសុវត្ថិភាពជាងមុន ដោយសារការធ្វើដំណើរមានចម្ងាយជិតជាងមុន។
ទី៣៖ គម្រោងដំឡើងបរិក្ខារពេទ្យនៅផ្នែកថែទាំទារកទើបកើតនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប (ថវិកាចំនួន៨៦,៦២៣ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ មន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងគម្រោងនេះ ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើដើម្បីកែលម្អគុណភាពសេវាវេជ្ជសាស្រ្តនៅផ្នែកថែទាំទារកទើបកើត នៃមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ផ្នែកថែទាំទារកទើបកើត នឹងត្រូវបានបំពាក់ដោយប្រព័ន្ធបំពង់អុកស៊ីសែនចំនួន១ ម៉ាស៊ីនបឺតស្លេសចំនួន៤ គ្រែពិសេសសម្រាប់ទារកទើបកើតចំនួន២ ម៉ាស៊ីនផ្តល់សម្ពាធខ្យល់វិជ្ជមានបន្ត (CPAP) ចំនួន២ម៉ាស៊ីនបាញ់សឺរាំង ចំនួន៤ ឧបករណ៍ត្រួតពិនិត្យបេះដូងចំនួន៣ និងគ្រែអ្នកជំងឺសម្រាប់ផ្នែកថែទាំទារកទើបកើតដោយបំពាក់ម៉ាស៊ីនកម្តៅចំនួន១។ ដោយរំពឹងថាជារៀងរាល់ឆ្នាំ ទារកប្រមាណ១៥០នាក់ ដែលមកទទួលសេវាផ្នែកថែទាំនៅមន្ទីរពេទ្យនេះ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
និងទី៤៖ គម្រោងកែលម្អមណ្ឌលថែទាំពេលថ្ងៃសម្រាប់កុមារពិការនៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង (ថវិកាចំនួន៩៥,៦១៨ ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការតំណក់ទឹក។ ក្នុងគម្រោងនេះ អគារថែទាំពេលថ្ងៃថ្មីមួយ ដែលមាន៥បន្ទប់ រួមទាំងបន្ទប់ព្យាបាលកាយសម្បទាចំនួន២ រួមជាមួយនឹងកន្លែងអប់រំ ទីធ្លាខាងក្រៅ និងបង្គន់អនាម័យចំនួន៤ ដែលបំពាក់ដោយផ្កាឈូកងូតទឹក នឹងត្រូវបានសាងសង់នៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង។ កុមារពិការ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈការកែលម្អបរិយាកាសស្តារនីតិសម្បទា ក៏ដូចជាគុណភាពនៃសេវាថែទាំពេលថ្ងៃ ហើយនាំឱ្យកុមារមានស្ថានភាពសុខភាព និងសមត្ថភាពរាងកាយកាន់តែប្រសើរជាងមុន។
ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៦៤លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៦៥៤គម្រោង ទៅទូទាំងប្រទេសកម្ពុជា។
បើតាមលោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធីគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណ៌មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។
នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៥០ តាមរយៈជំនួយឥតសំណងគូសាណូណ៌៕