(អេក្វាទ័រ)៖ ចំនួនមនុស្សស្លាប់ដែលបានបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយដីវាយប្រហារប្រទេសអេក្វាទ័រនោះ បានកើនឡើងដល់ ៥៨៧នាក់ ហើយក្នុងចំណោមនោះ ២៧នាក់គឺជាជនបរទេស ខណៈមនុស្ស ៥,៧៣៣នាក់រងរបួស និង ១៦៣នាក់ទៀតបន្តបាត់ខ្លួន។
នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
តាមរបាយការណ៍ពីរដ្ឋាភិបាលអេក្វាទ័រឲ្យដឹងទៀតថា សាកសព ៥៣៩នាក់ហើយត្រូវបានគេកំណត់ អត្តសញ្ញាណរួចរាល់ ដោយឡែកនៅ ៤៨នាក់ទៀត ក្រុមជំនាញកំពុងតែធ្វើត្រួតពិនិត្យបន្ត។ ដោយឡែកសម្រាប់ជនបរទេសដែលបានស្លាប់ទាំង ២៧នាក់នោះមាន ជនជាតិកូឡុំប៊ី ១០នាក់, គុយបា ០៦នាក់, កាណាដាពីរនាក់, ដូមីណីក ពីរនាក់, អង់គ្លេស ពីរនាក់, អ៊ីតាលី ជាមួយនឹងអាល្លឺម៉ង់ បារាំង អៀរឡង់ ម្នាក់ៗដូចគ្នា, និងម្នាក់ទៀតនៅកំពុងត្រូវគេកំណត់អត្តសញ្ញាណនៅឡើយ៕