Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋកាយដីប្រទះឃើញគ្រាប់ AK ជិត២០០០គ្រាប់ និងរកត្រី ប្រទះឃើញគ្រាប់បែក២គ្រាប់ទៀត

22-04-2016 09:59

(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា​ កម្លាំងនគរបាលរបស់លោក បានទទួលគ្រាប់កាំភ្លើង AK ចំនួន២កេះ ស្មើនឹង១៧១៥គ្រាប់ ដែលប្រជាកសិករបានកាយដីស្រែ ហើយប្រទះឃើញ ស្ថិតនៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

ដោយឡែក នៅថ្ងៃម្សិលមិញនោះដែរ កម្លាំងនគរបាលរបស់លោក ក៏បានទៅយកគ្រាប់បែក ចំនួន២គ្រាប់យកមករក្សាទុកផងដែរ ក្រោយពេលដែលក្មេងៗ បានទៅរកត្រី តាមស្ទឹងដែលរីងស្ងួត នៅក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់គ្រាប់កាំភ្លើង AK ដែលរកឃើញនៅស្រុកអូរជ្រៅនោះ បានកើតឡើងខណៈដែល លោក ហាន់ ហង់ ដែលជាប្រជាកសិករ បានយកត្រាក់ទ័រកាយដំបូកស្រែនៅចំណុច ខាងកើតភូមិសឹង្ហ ប្រហែល៤គីឡូម៉ែត្រ ក៏ស្រាប់តែ ប្រទះឃើញគ្រាប់ចំនួន២កេះតែម្តង។

ក្រោយការត្រួតពិនិត្យ ឃើញថា មានគ្រាប់ថ្មី ចំនួន១១១២ គ្រាប់ ហើយគ្រាប់ទាំងនេះ ត្រូវបាននគរបាលយកទៅរក្សាទុកដើម្បីប្រគល់ជូន ខាងមន្រ្តីស៊ីម៉ាក់បន្តទៀត។

ជាមួយគ្នានេះ លោកស្នងការ បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន នៅពេលប្រទះឃើញគ្រាប់ នៅកន្លែងណាមួយ ត្រូវរាយការណ៍ជូន សមត្ថកិច្ចដែលនៅជិតបំផុត ជៀសវាងទៅប៉ះពាល់នាំឲ្យមានគ្រោះថ្នាក់៕