(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Oxley Worldbridge ដែលដឹកនាំដោយឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ដែលប្រព្រឹត្តិទៅនៅ ការិយាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបមនុស្សធម៌នោះ កាកបាទក្រហមទទួលនូវអំណោយមនុស្សធម៌ពីក្រុម ហ៊ុន Oxley Worldbridge ចំនួន១០ម៉ឺនដុល្លារ សម្រាប់ជួយ ប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយនានា ជនពិការ ស្ដ្រីមេម៉ាយ និងកុមារកំព្រាជាដើម។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ចំពោះអំណោយក្នុងថ្ងៃនេះ នឹងយើងទៅប្រើប្រាស់ ប្រកបដោយតម្លាភាព ជាពិសេសជួយដល់ប្រជាជន ដែលងាយរងគ្រោះ សំខាន់គឺនៅតាមខេត្ដ ដែលទទួលរងគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ និងមានការជីកអណ្ដូងឲ្យប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់»។
សម្ដេកិតិ្ដព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Oxley Worldbridge ដែលបានចូលរួមចំណែកក្នុងការជួយឧបត្ថម្ភថវិកាទាំងនេះ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយនៅថ្ងៃ៨ឧសភាខាងមុខនេះ កាកបាទក្រហមកម្ពុជា នឹងប្រារពទិវា៨ឧសភា លើកទី១៥៣ ដើម្បីកៀងគរ មូលនិធិសម្រាប់ធ្វើសកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព និងប្រជាជនដែលជួបគ្រោះមហន្តរាយនានាផងដែរ៕