(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងផ្តល់ភ្លើងបូជាសព លោក អ៊ុយ ស៊ីម ជាជំនួយការផ្ទាល់, ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ នៅវត្តទួលទំពួង នាវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។
សពលោក អ៊ុយ ស៊ីម នឹងត្រូវដង្ហែរទៅកាន់វត្តទួលទំពួង នៅម៉ោង៤រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នឹងបូជាសព ដោយមានការផ្តល់ភ្លើងបូជា ពីសំណាក់ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយផ្ទាល់នៅម៉ោង៩យប់ថ្ងៃដដែលនោះ។
ចំណែកពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ វិញ្ញាណក្ខ័ន្ធ លោក អ៊ុយ ស៊ីម នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
ទាក់ទងនឹងការរៀបចំពិធីបុណ្យសព លោក អ៊ុយ ស៊ីមនេះ កាលពីថ្ងៃម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មាការ រៀបចំបុណ្យសព លោក អ៊ុយ ស៊ីម ជំនួយការផ្ទាល់ និង ជាទីប្រឹក្សា និងជា នាយក ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា។
គួរបញ្ជាក់ថា លោក អ៊ុយ ស៊ីម ជា ជំនួយការ ជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលមរណភាព វេលាម៉ោង ១៖០៥នាទី កាលពីថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគគាពាធ៕