(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបបានណែនាំដល់មន្ទីរសុខាភិបាលខេត្តសៀមរាបត្រូវជំរុញការផ្សព្វផ្សាយអំពីឈ្មោះ ទីតាំង និងសេវាកម្មរបស់គ្លីនិកដែលបានទទួលស្គាល់ពីក្រសួងសុខាភិបាលក្នុងការទទួលព្យាបាលជំងឺកូវីដ១៩ ដើម្បីឱ្យភ្ញៀវទេសចរបានដឹង និងទទួលព័ត៌មានច្បាស់លាស់ ងាយស្រួលក្នុងការស្វែងរកសេវាព្យាបាលជំងឺកូវីដ១៩។
ការណែនាំនេះធ្វើក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បន្ទាប់ពីដំណើរការបើកទទួលភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការចូលរួមមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ អាជ្ញាធរព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ម្ចាស់គ្លីនិក និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការទទួលភ្ញៀវទេសចរប្រកបដោយសុវត្តិភាព និងមានទំនុកចិត្តលើសេវាកម្មពាក់ព័ន្ធការធ្វើ Rapid តេស្ត និង PCR តេស្ត ជូនដល់ភ្ញៀវទេសចរដែលចូលមកខេត្តសៀមរាប និងត្រលប់ទៅវិញ។
នាឱកាសនោះ លោកអភិបាលរងខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្តសៀមរាប «ត្រូវរៀបចំប្រកាសផ្សព្វផ្សាយគ្លីនិកដែលបានទទួលស្គាល់ពីក្រសួងសុខាភិបាលក្នុងការទទួលព្យាបាលជំងឺកូវីដ-១៩ឱ្យបានជាសាធារណៈ ដើម្បីឲ្យភ្ញៀវបានដឹង និងទទួលព័ត៌មានច្បាស់លាស់ ងាយស្រួលក្នុងការស្វែងរកទីតាំងសេវាព្យាបាល»។
លោកអភិបាលរងខេត្ត ពៅ ពិសិដ្ឋ បានណែនាំមន្ទីរសុខាភិបាលខេត្តសៀមរាបត្រូវរៀបចំឯកសារផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា SOP ដែលក្រសួងសុខាភិបាលបានដាក់ចេញកន្លងមក។
លោកអភិបាលរងខេត្តបានណែនាំដល់លោក-លោកស្រីម្ចាស់គ្លីនិកទាំងអស់បញ្ឈប់ការចេញលិខិតបញ្ជាក់ Rapid តេស្តជូនដល់ភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរជាតិដែលត្រូវធ្វើដំណើរចេញទៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ លោក លោក ពៅ ពិសិដ្ឋ ក៏បានណែនាំដល់ម្ចាស់គ្លីនិកទាំងអស់ដែលបានទទួលសិទ្ធិពីក្រសួងសុខាភិបាលត្រូវបញ្ឈប់ការយកតម្លៃលើសពីការកំណត់ ធ្វើឱ្យភ្ញៀវមានការថ្នាំងថ្នាក់ និងប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ។
លោកបានបន្តថា មន្ទីរសុខាភិបាលខេត្តសៀមរាបក៏ត្រូវរៀបចំសេចក្តីជូនដំណឹងជាសាធារណៈអំពីទីតាំងសម្រាប់ធ្វើ PCR តេស្ត និងការកំណត់តម្លៃតេស្តផងដែរ៕