(ភ្នំពេញ)៖ ថ្លែងការនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការឃាត់ខ្លួន តំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយប្រទេសជិតខាង ដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា នេះយោងតាមសំដីដកស្រង់ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ដែលកំពុងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលនេះ។
លោក ផៃ ស៊ីផាន បានបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងនេះជាជម្រើសតែមួយគត់ក្នុងកិច្ចថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងនីត្យានុកូលភាព ដើម្បីផលប្រយោជន៍ដាច់ខាតរបស់ជាតិ។
សូមជំរាបថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានចាប់ផ្តើមនៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ គឺពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ ការពិភាក្សាពីសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន សេចក្តីព្រាងផែនការមេ ឆ្ពោះទៅជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)។
ចុងក្រោយពិភាក្សាពីបញ្ហាផ្សេងៗ លើសំណើរការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជុំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ»៕