(ភ្នំពេញ)៖ ជំនួបពិភាក្សារវាង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាប់ផ្ដើមហើយ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនងល្អ និងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ទាប់ពីជួបប្រជុំពិភាក្សា ជាមួយលោក ប្រាក់ សុខុន រួចហើយ លោក វ៉ាង យី នឹងបន្តជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបន្តជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលរសៀល ថ្ងៃ២២ ខែមេសានេះ។
សូមរំលឹកថា លោក វ៉ាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕