(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃ២១ ខែមេសា ឆ្នាំ២០១៦ បានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យឪពុកស្លាប់ និងកូនប្រុសអាយុ៩ខែរបួសធ្ងន់ នៅចំណុចទល់មុខ វត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ នេះបើយោងតាមដីកាឃុំខ្លួន របស់តុលាការ។
ជនបង្ករូបនេះឈ្មោះ សៅ សុងនាង អាយុ៥០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ ពីបទបើកបរធ្វេសប្រហែស បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
គួររំលឹកថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌច្បារអំពៅមានឈ្មោះ ចៅ ផល្លា អាយុ៣០ឆ្នាំ ជារកស៊ីលក់រថយន្ត រស់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ និងកូនប្រុសតូច ឈ្មោះ ម៉េង លីហ៊ា អាយុ៩ខែ រងរបួសធ្ងន់ធ្ងរ។
ប្រភពព័ត៌មានពីសាក្សីដែលឃើញ ហេតុការណ៍បានរៀបរាប់ថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់សា្លកលេខភ្នំពេញ 1BS–3364 ជិះឌុបកូនប្រុស អាយុទើប៩ខែ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក្បែរនឹងវត្តជ្រោយអំពិល ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Mini Cooper ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-2109 ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ដូចគ្នាក្នុងទិសដៅបញ្ច្រាស គឺពីកើតមកលិចវិញ ក្នុងល្បឿនលឿន ក៏រេចង្កូតជ្រុលបុកផ្ទប់នឹងម៉ូតូជនរងគ្រោះទាំង២នាក់ពេញទំហឹង បណ្តាលឱ្យខ្ទាតទាំងមនុស្ស និងម៉ូតូខ្ទាតជាង១០ម៉ែត្រ ប៉ើងរងរបួសធ្ងន់ធ្ងរទាំង២នាក់ ដោយក្នុងនោះបុរសជាឪពុកត្រូវ បាក់ដៃបាក់ជើង ទាំងសងខាង និងបែកក្បាលហូរឈាម ស្រោចពេញមុខ និងបានស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។ ដោយឡែកទារកទើបអាយុ៩ខែ ដែលជាកូនត្រូវបែកក្បាល ហូរឈាម ស្រោចពេញមុខ និងដងខ្លួនទ្រហោយំខ្លាំងៗ រកអ្នកជួយ មើលទៅគួរឲ្យសង្វែគបំផុត។
ភ្លាមៗនោះប្រជាពលរដ្ឋ បាននាំគ្នាទាក់ទងទៅកាន់រថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំង២នាក់ ឪពុកកូនយកទៅសង្គ្រោះ បន្ទាន់ផងដែរ តែអកុសលឪពុកបានស្លាប់៕