(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងនូវក្តី មោទនភាពដែលព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសទី១ ក្នុងចំណោមរដ្ឋជាសមាជិករបស់គណៈកម្មាធិការ អង្គការសហប្រជាជាតិផែ្នកសេដ្ឋកិច្ច និងសង្គម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុម័តលើទសវត្សរ៍ ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ហើយបានធ្វើពិការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំដឹកនាំ ដោយលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយតំណាងក្រសួង ស្ថាប័ន និងសង្គមសុីវិល ពាក់ព័ន្ធវិស័យពិការភាព អំពីការចែករំលែកបទពិសោធន៍ ការអនុវត្តទសវត្សជនពិការ ប្រចាំតំបន់អាសុីប៉ាសុីភិច យុទ្ធសាស្ត្រ អុីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយអង្គការ KSRPD នៃសាធារណៈរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឲ្យដឹងថាយុទ្ធសាស្ត្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» នេះត្រូវបានទទួលស្គាល់ថាជាកិច្ចព្រមព្រៀងថ្នាក់តំបន់លើកដំបូង ដែលមានគោលដៅអភិវឌ្ឍរួមបញ្ចូល ផ្នែកពិការភាព និងជាផែនទីចង្អុលផ្លូវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ ជីវភាព និងសិទ្ធិជនពិការប្រមាណ ៦៥០លាននាក់នៅក្នុងតំបន់។
លោក ឯម ច័ន្ទមករា បានបន្តទៀតថាស្របតាមដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ សុខុមាលភាពជនពិការបានប្រសើរឡើងជាជំហានៗ។ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទិ្ធជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ត្រង់ចតុកោណទី៤ មុំទី៣ អាទិភាពទី៤ ចែងថា «ការបន្តអនុវត្តគោលនយោបាយជាតិចំពោះជនពិការ តាមរយៈក្រុមប្រឹក្សា សកម្មភាពជនពិការ ការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារ និងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការ»។
លោក ឯម ច័ន្ទមករា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងការយកចិត្តទុកដាក់ពីសំណាក់លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើកិច្ចការជាច្រើន ដើម្បីឈានទៅសម្រេចឲ្យខាងតែបាននូវការអនុវត្ត ទសវត្សជនពិការ ប្រចាំតំបន់អាសុីប៉ាសុីភិច យុទ្ធសាស្ត្រ អុីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» តាមរយៈសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេស សម្រាប់ជនពិការគ ថ្លង់ និងជនពិការភ្នែកក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សស្ទាប ភាសាសញ្ញា ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្តល់ព័ត៌មានជូនជនពិការ។
ទន្ទឹមនេះ កុមារពិការក៏បានទទួលបានឱកាសក្នុងការសិក្សាអប់រំ នៅតាមសាលាសាធារណៈ ដោយមិនមានការរើសអើង អគារសិក្សាមួយចំនួនបានរៀបចំឲ្យមានជម្រាលសម្រាប់សិស្សពិការ ហើយមជ្ឈមណ្ឌល និងសាលាសម្រាប់កុមារពិការភ្នែក និងគ ថ្លង់ ត្រូវទទួលបាននូវតម្រូវការខាងជីវភាពរស់នៅ និងការសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សា និងមានជនពិការមួយចំនួន បានក្លាយជាបុគ្គលិកប្រកបដោយសមត្ថភាពទៀតផង៕