គ្រោះរញ្ជួយដីជាង៧៦០ដង ត្រូវបានរាយការណ៍ថា បានវាយប្រហារកោះ Kyushu របស់ជប៉ុន
21-04-2016 21:09
(តូក្យូ)៖ ភ្នាក់ងារឧត្តុនិយមជប៉ុន ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យ៉ាងហោចណាស់ គ្រោះរញ្ជួយដីចំនួន៧៦៧ដង កម្រិតចាប់ពី១រ៉ិចទ័រ ឬខ្លាំងជាងនេះ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារខេត្ត Kumamoto (កោះ Kyushu) តំបន់ភាគខាងត្បូងឆៀងខាងលិច ប្រទេសជប៉ុន នៅអំឡុងពេលសប្តាហ៍មុន។
ក្រុមអាជ្ញាធរបានបញ្ជារ ឲ្យមានការជម្លៀសខ្លួនមនុស្សប្រមាណ២៤០,០០០នាក់ ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចបណ្តាលឲ្យមានការបាក់ស្រុតដី ខណៈគ្រោះរញ្ជួយដីកំពុងបន្ត។ មានមនុស្សជាង៩០,០០០នាក់ បាននឹងកំពុងធ្វើការភៀសខ្លួន នៅរយៈពេលជិត១សប្តាហ៍ នៃគ្រោះរញ្ជួយដីដំបូង ដែលបានវាយប្រហារតំបន់កោះ Kyushu។ គួររំលឹកថា គ្រោះរញ្ជួយដី បានសម្លាប់មនុស្ស៥៩នាក់ កាលពីថ្ងៃពុធ តំបន់កោះមួយនេះ៕