(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានប្រាប់គ្រប់ម្ចាស់ទីតាំងតាមបណ្ដាបុរីនិមួយៗ ក្នុងសង្កាត់ទាំង៧ ធ្វើយ៉ាងណាជួយសហការបំពាក់អំពូលភ្លើងបំភ្លឺផ្លូវឱ្យបានច្រើន ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅពេលយប់ជូនប្រជាពលរដ្ឋ ក្រោយពីកន្លងមកនេះមានពួកឧក្រិដ្ឋជន បានយកបុរីជាទីតាំងប្រព្រឹត្តបទល្មើស បណ្ដាលឱ្យផ្ទុះព្រឹត្តិការណ៍ប្លន់ប្រដាប់អាវុធ ជួញដូរគ្រឿងញៀន ល្បែងស៊ីសង និងការចាប់ជំរឹត ដែលបង្កជាអសន្តិសុខដល់សង្គម។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីតាមបណ្ដាម្ចាស់បុរី និងកម្លាំងសន្តិសុខប្រចាំបុរី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១, លោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការផ្ទេរចេញពីកណ្ដាលក្រុងមករស់នៅតាមបុរី ដែលទាមទារឱ្យខាងបុរី ផ្ដល់កិច្ចសហការផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ពិសេសប៉ុស្ដិ៍រដ្ឋបាល ដោយផ្ដើមចេញពីការគ្រប់គ្រងស្ថិតិទើបគ្រប់គ្រងសន្តិសុខបានល្អ និងសូមកុំឱ្យមានពាក្យថាចូលបុរីមិនបាន សំខាន់ឱ្យតែមានលិខិតសុំចូលសម្ភាស ឬត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ច។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានគូសបញ្ជាក់ថា បច្ចុប្បន្ននិតិវិធីបែបបទរដ្ឋបាលងាយស្រួលជាងមុន ដោយការធ្វើសៀវភៅ (ក២-សៀវភៅស្នាក់នៅបណ្ដោះអាសន្ន) ចុះហត្ថលេខាដោយប៉ុស្ដិ៍រដ្ឋបាល ដូច្នេះប្រសិន បងប្អូនណាត្រូវការធ្វើសៀវភៅស្នាក់នៅអាចធ្វើបាន និងដើម្បីសម្រួលដល់ការងារនេះសង្កាត់-ប៉ុស្ដិ៍និងចុះទៅតាមបុរីដើម្បីធ្វើជូន ហើយងាយស្រួលដល់អ្នកចង់ផ្ទេរទីលំនៅ ដែលអាចគ្រប់គ្រងប្រជាពលរដ្ឋបានកាន់តែប្រសើរ ផ្ដើមចេញពីមានកិច្ចសហការល្អ រវាងម្ចាស់បុរី និងអាជ្ញាធរមានសមត្ថកិច្ច។
បន្ថែមពីនេះ លោក ឯក ឃុនដឿន បានថ្លែងអំណរគុណដល់លោក ឧកញ៉ា ម្ចាស់បុរីជីបម៉ុង ដែលបានផ្ដល់ភ្លើងបំភ្លឺផ្លូវ សឡា ចំនួន១០០សម្រាប់ ដល់រដ្ឋបាលខណ្ឌ ដើម្បីដាក់បំភ្លឺផ្លូវក្នុងសង្កាត់ច្រាំងចំរេះទី១ ក្រៅពីស្នើឱ្យតាមបណ្ដាម្ចាស់បុរីដាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធភ្លើងបំភ្លឺផ្លូវជុំវិញបុរីរបស់ខ្លួន ក្នុងន័យរក្សាសន្តិសុខ សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ៕