(ភ្នំពេញ)៖ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យព្រះរាជទានថវិកា ២ម៉ឺនដុល្លារ ដល់សមាគមសំនៀងជនពិការរបស់លោក ចាប់ តូ ដើម្បីសាងសង់មណ្ឌលស្នាក់នៅ។
ការព្រះរាជទាននូវព្រះរាជទ្រព្យដល់ជនពិការនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចព្រះមហាក្សត្រីព្រះរាជនុញ្ញាតឲ្យ លោក ចាប់ តូ ប្រធានសមាគមសំនៀងជនពិការ និងសមាជិក ៤រូបផ្សេងទៀត ដឹកនាំដោយលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ច ការនារី និងជាប្រធានកិត្តិយសសមាគមសំនៀងជនពិការ ចូលក្រាបបង្គំគាល់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
លោកស្រី ញ៉ែម មរកត បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះថា ការចូលក្រាបបង្គំគាល់សម្តេចយាយនាថ្ងៃម្សិលមិញនេះ ក្នុងបំណងទូលថ្វាយពីសកម្មភាពសមាគម និងគោលបំណង នៃគម្រោងការសាងសង់មណ្ឌលស្នាក់នៅបណ្តុះបណ្តាលជំនាញដល់ជនពិការភ្នែក។
លោកស្រីបន្តថា បន្ទាប់ពីព្រះរាជសណ្តាប់នូវរបាយការណ៍របស់សមាគមជនពិការហើយនោះ សម្តេចម៉ែ សម្តេចយាយ បានព្រះរាជទានថវិកាចំនួន ២ម៉ឺនដុល្លា ដល់សមាគម ដើម្បីរួមចំណែកសាងសង់មណ្ឌលនេះឡើង។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភ ថវិការ ៥ម៉ឺនដុល្លារ ដល់សមាគមសំនៀងជនពិការរបស់លោក ចាប តូ ផងដែរ ដើម្បីសាងសង់មណ្ឌលស្នាក់នៅ តែគម្រោងសាងសង់មណ្ឌលត្រូវបានពន្យារពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែរកដីសាងសង់មណ្ឌលមិនបាន។
តែបើតាមលោកស្រី ញ៉ែម មរកត បានឲ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានសម្រេចផ្តល់ដី ១កន្លែងទំហំ៩ម គុណ ៥៩ម ស្ថិតនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដើម្បីសាងសង់អគារសម្រាប់ជនពិការភ្នែក។
លោកស្រី ញ៉ែម មរកត តំណាងឲ្យជនពិការភ្នែក បានសម្តែងអំណរព្រះគុណសម្តេចម៉ែ សម្តេចយាយ និងអរគុណ សម្តេចកិត្តិព្រឹទ្ទ បណ្ឌិត ក៏ដូចលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានព្រះរាជទាន និងផ្តល់ថវិកាដ៏ថ្លៃថ្លា និងដី ដើម្បីសាងសង់ អគារស្នាក់នៅ។
លោកស្រី បន្តថា អគាររបស់ជនពិការភ្នែកនេះ នឹងផ្តល់ផលប្រយោជន៍ដល់ជនពិការភ្នែកទូទាំងប្រទេស ដែលពិការ និង ក្រីក្រខ្វះខាតជំនាញអាចមានកន្លែងស្នាក់នៅ និងទទួលបានការហាត់ជំនាញផ្សេងៗ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។
លោកស្រី មរកត ក៏បានសំណូមពរដល់សប្បុរសជននានា ជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីឲ្យមណ្ឌលរបស់ជនពិការភ្នែកក្លាយជារូបរាងក្នុងពេលឆាប់ៗខាងមុខ៕