(ភ្នំពេញ)៖ ក្រុមហ៊ុនកូកា-កូឡារបស់អាមេរិកបន្ថែមទុនប្រមាណ ១០០លានដុល្លារអាមេរិកសាងសង់រោងលើផ្ទៃដី ១៣ហិកតា នៅតំ បន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន។
ដំណឹងនៃការបណ្តាក់ទុនសាងសង់រោងចក្ររបស់ក្រុមហ៊ុនកូកា-កូឡា ត្រូវបានបង្ហាញនៅក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជ និងលោក David Wigglesworth នាយកគ្រប់គ្រងក្រុមហ៊ុនផលិតទឹកក្រូចកូកា-កូឡា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៦នេះ។
លោក David Wigglesworth បានឲ្យដឹងថា រោងចក្រថ្មីនេះ នឹងមានបំពាក់ប្រព័ន្ធ LED និងប្រព័ន្ធ solar ដើម្បីសន្សំសំចៃអគ្គិសនី ព្រមទាំងឆ្លើយតបទៅនឹងស្តង់ដារបរិស្ថានបៃតង។
លោក Wigglesworth បានបន្តទៀតថា រោងចក្រថ្មីនេះ គឺដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង (Full Automation Sys tem) ដើម្បីគាំទ្រដល់ប្រតិបត្តិការចង្វាក់ផលិតកម្មប្រចាំថ្ងៃ ហើយក្លាយទៅជារោងចក្រគំរូដំបូងគេក្នុងប្រទេសកម្ពុជា ព្រមទាំងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ លើសពីនេះទៀត ក្រុមហ៊ុន ក៏បានបញ្ជូនបុគ្គលិក ៦ នាក់ ទៅបណ្តុះបណ្តាលក្នុងប្រទេសអាល្លឺម៉ង់ និង ២០នាក់ក្នុងប្រទេសវៀតណាម។
លោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរ និងថ្លែងអំណរគុណដល់លោក David Wigglesworth ដែលបានជឿទុកចិត្តលើការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោករដ្ឋមន្រ្តីបន្តថា ការបណ្តាក់ទុនសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន កូកា-កូឡានា នឹងនាំមកនូវឱកាសការងារ និងបច្ចេកវិទ្យាថ្មីៗជូនប្រជាពលរដ្ឋ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រព្រមទាំង លើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល តែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយក្រសួងពាណិជ្ជ កម្ម បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីលើកកម្ពស់ដល់បរិយាកាសវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធានាដល់ការ អភិវឌ្ឍវិស័យឯកជន។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តដល់លោក David Wigglesworth ឲ្យអនុវត្តប្រព័ន្ធបើកប្រាក់បៀវត្សរ៍តាមបែបអេឡិចត្រូនិក និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រី ក៏ដូចជាបន្តនូវសកម្ម ភាពសង្គហធម៌ (Corporate Social Responsibility) ដើម្បីលើកស្ទួយម៉ាករបស់ផលិតផលកូកា-កូឡា និង ទាក់ទាញការគាំទ្រឲ្យ កាន់តែច្រើនថែមទៀតពីប្រជាជនកម្ពុជា៕