(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់បានយាងចូលទិវង្គត ផ្ទៃក្នុងគណហ៊្វុនស៊ិនប៉ិច ជាពិសេសថ្នាក់ដឹកនាំគណបក្សមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ជាពិសេសក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។
ក្រោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស មានសេចក្តីសម្រេចមួយរបស់គណបក្ស កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ ឱ្យធ្វើជាប្រធានស្តីទី នៃគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំការងារគណបក្សជំនួសសម្តេចក្រុមព្រះ។
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានប្រជុំផ្ទៃក្នុងដើម្បីសម្រេចយាង សម្ដេច រាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី ដែលជាព្រះអនុជ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់សម្តេចក្រុមព្រះយាងចូលព្រះទិវង្គតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ លោក ញ៉េប ប៊ុនជិន, លោក សាយ ហាក់, លោក ហេង ចាន់ថា និងលោក ផាន់ សិទ្ធិ ជាសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងរួមគ្នាថា «កិច្ចប្រជុំ គណៈកម្មាធិការនាយកគណក្សហ៊្វុនស៊ិនប៉ិចនាពេលនេះ គឺដើម្បីសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី នៅមិនទាន់សម្រេចព្រះទ័យយ៉ាងណានៅឡើយទេ ដោយសារព្រះអង្គកំពុងតែនៅសហរដ្ឋអាមេរិក»។
សមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានគូសបញ្ជាក់ថា បើតាមបញ្ជីឈ្មោះ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច គឺលំដាប់លេខរៀង បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងត្រូវជ្រើសតាំងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើតជាមួយសម្តេចក្រុមព្រះ។ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា សម្រាប់ផ្ទៃក្នុងរបស់គណបក្សបក្ស គឺមិនមានការបែបបាក់គ្នា បែងចែកជាក្រុម ដូចអ្វីដែលមជ្ឈដ្ឋានខាងក្រៅមើលឃើញនោះទេ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះ លោក ញ៉េប ប៊ុនជិន មន្រ្តីចាស់គណបក្សហ៊្វុនបស៊ិនប៉ិច បានលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិចនាពេលបច្ចុប្បន្ននេះ ពុំទាន់មានប្រធាននៅឡើយទេ បន្ទាប់ពីសម្តេចក្រុមព្រះទ្រង់យាងចូលទិវង្គត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដូច្នេះហើយលោក ដែលជាប្រធានដឹកនាំកិច្ចប្រជុំ បានសម្រេចជ្រើសរើសយាងសម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឱ្យធ្វើជាប្រធានដឹកនាំគណបក្សបន្តដើម្បីលើកស្ទួយគណបក្សនេះឡើងវិញ ស្របតាមព្រះរាជតម្រិះរបស់អតីតព្រះមហាវិរៈក្សត្រ សម្តេចតា សម្តេចតាទួច ព្រះបរមរតនកោដ្ឋនោះ។
លោក ញ៉េប ប៊ុនជិន បានបន្តថា ការយាងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឱ្យមកធ្វើជាប្រធានគណបក្សនេះ គឺមិនទាន់ទួលថ្វាយព្រះអង្គនៅឡើយទេ ប៉ុន្តែ លោក និងក្រុមមន្រ្តីចាស់ៗដទៃទៀតថា ព្រះអង្គនឹងយាងមកធ្វើជាប្រធានដឹកនាំដើម្បីឈានទៅចូលរួម ការបោះឆ្នោតនាឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។
បើតាមកិច្ចប្រជុំនាល្ងាងនេះ ក្រុមមន្រ្តីចាស់ៗ មានដូចជា លោក ញ៉េប ប៊ុនជិន លោក សាយ ហាក់ លោក ហេង ចន្ថា និងលោក ផាន់ សុទ្ធី បានលើកឡើងថា «ក្រុមលោកមិនបានមិនពេញចិត្តចំពោះការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធនោះទេ ប៉ុន្តែដោយសារតែព្រះអង្គមានភាពក្មេងខ្ចីពេកក្នុងការធ្វើនយោបាយ ហើយមួយវិញទៀត ព្រះអង្គតែងតែស្តាប់តាមការញុះញង់របស់មនុស្សដែលមិនមែនជាមន្រ្តីក្នុងជួរគណបក្សហើយដកមន្រ្តីចាស់ៗចោលដោយគ្មានហេតុផលជាដើម»។
ជុំវិញករណីនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានខាងលើ ក្រុមពួកគាត់មួយចំនួន ត្រូវបានគណបក្សបញ្ចប់សមាជិកភាព ហើយមួយចំនួនទៀត បានលាឈប់ពីតួនាទីរបស់ខ្លួន ដូច្នេះកិច្ចប្រជុំនារសៀលថ្ងៃនេះ គឺជាកិច្ចប្រជុំពុំស្របតាមលក្ខន្តិកៈ»។
លោក ញឿន រ៉ាដែន បានអះអាងថា មនុស្សមួយចំនួនដែលថា ខ្លួនជាសមាជិកគណៈកម្មការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងបានទៅបង្កើតគណៈកម្មការប្រជុំដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ ពីព្រោះមនុស្សទាំងអស់នោះ បានបាត់បង់នីតិសម្បទា និងសមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយដោយអ្នកខ្លះត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (កាលនៅមានព្រះជន្ម) បណ្តេញចេញពីគណបក្ស។
ក្នុងស្ថានភាពដែលគណបក្សហ៊្វុនស៊ិនប៉ិច គ្មានប្រធានដឹកនាំគណបក្ស បានស្ថិតក្នុងករណីប្រធានសក្តិ ដូចមានចែង ក្នុងប្រការ២៤ នៃលក្ខន្តិកៈ ដូច្នេះ មានតែគណៈកម្មាធិការនាយកប៉ុណ្ណោះ ដែលមានសមត្ថកិច្ចកោះប្រជុំសមាជ ស្របតាមនីតិវិធីដូច មានចែងក្នុងលក្ខន្តិកៈ។ យោងតាមមាត្រា១៨ ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបានអនុញ្ញាតឱ្យគណបក្សនយោបាយចាត់នីតិវិធី ដើម្បីជំនួសប្រធានគណបក្ស ដែលបាត់បង់តួនាទីក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។ ដោយឡែកប្រការ២៤ វាក្យខណ្ឌបីនៃលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិចចែងថា «ក្នុងករណីប្រធានសក្ដិ គណៈកម្មាធិការនាយកត្រូវរៀបចំកោះប្រជុំសមាជដើម្បីជ្រើសតាំងប្រធានគណបក្សក្នុងរយៈវេលា ៦០ថ្ងៃយ៉ាងយូរ»៕