(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអះអាងថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ និងបុរីកីឡា ពេលនេះត្រូវបានកាត់ផ្តាច់ហើយ។ លោកបានបង្ហាញពីមោទនភាពរបស់អាជ្ញាធរ ដែលបានខិតខំដោះស្រាយបញ្ហាទាំងនេះរហូតបានសម្រេច។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស បានសរសេរថា «ខ្ញុំពិតជាមានមោទនភាពជាមួយនឹងក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងផ្តាច់បាននូវបញ្ហាបុរីកីឡា និងបញ្ហាបឹងកក់ ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះ ខ្ញុំសូមប្តូរពាក្យផ្តាច់២ ទៅជាផ្តល់២ វិញម្តង គឺផ្តល់សេវាឱ្យបានកាន់តែល្អ និងផ្តល់ដំណោះស្រាយនូវរាល់សំណូមពរទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋយើង»។
បញ្ហាដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីអាជ្ញាធរអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលអភិវឌ្ឍ។ មុននឹងដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់នេះ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ បានធ្វើការតវ៉ាជាបន្តបន្ទាប់ទាមទារឱ្យមានដំណោះស្រាយសមស្រប។ កន្លងមកក៏មានសកម្មជនដីធ្លីតំបន់នេះខ្លះ ត្រូវបានចាប់ខ្លួនដោយ សមត្ថកិច្ចផងដែរ៕