(ភ្នំពេញ)៖ មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចរក្សាការពារលេខ ៤៨៦ “ម” ដ.រ ចុះថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីចុះដកហូតរថយន្តចំនួន ២០គ្រឿង ពីសហកូនបំណុលឈ្មោះ ហាក់ ឈាងលី និងប្រពន្ធឈ្មោះ គួយ រីតា ដោយសារបុគ្គលទាំងពីរ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានទិញរថយន្តបង់រម្លស់ពីម្ចាស់បំណុល ប៉ុន្តែមិនព្រមបង់ប្រាក់ថ្លៃរថយន្តតាមកាលកំណត់ជាច្រើនឆ្នាំ។
ពាក់ព័ន្ធនឹងការទិញរថយន្តបង់រម្លស់របស់សហកូនបំណុលឈ្មោះ ហាក់ ឈាងលី និងប្រពន្ធឈ្មោះ គួយ វីតា គឺមានការក្លែងបន្លំឯកសារដើម្បីទទួលបានការទុកចិត្តពីម្ចាស់បំណុល និងយល់ព្រមលក់រថយន្តបង់រំលោះឱ្យបុគ្គលពីរនាក់ប្តីប្រពន្ធនេះជាច្រើនគ្រឿង ហើយករណីក្លែងឯកសារនេះ ក៏ត្រូវបានភាគីម្ចាស់បំណុលប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ហើយសមត្ថកិច្ចបន្តនីតិវិធីរហូតឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការចាប់ឃាត់ខ្លួន និងឃុំខ្លួនជនត្រូវចោទឈ្មោះ ហាក់ ឈាងលី ជាបណ្តោះអាសន្ននៅពន្ធនាគារផងដែរ។
ក្រៅពីក្លែងបន្លំឯកសារនានាដើម្បីឱ្យភាគីម្ចាស់បំណុលយល់ព្រមលក់រថយន្តបង់រំលោះឱ្យ ប្តីប្រពន្ធទាំងពីរនាក់ខាងលើនេះ ថែមទាំងបានបង្ខំឱ្យបុគ្គលិក និងកូនជាងរបស់ខ្លួន ក្លែងខ្លួនធ្វើជាម្ចាស់រថយន្តដើម ឬ ជាម្ចាស់ហ្គារ៉ាស ដោយមានការផ្សំគំនិតពីអតីតបុគ្គលិករបស់ភាគីម្ចាស់បំណុល ធ្វើការឆបោកម្ចាស់បំណុលឱ្យយល់ព្រមលើការបង់រំលោះរថយន្តជាច្រើនគ្រឿង។
លើសពីនេះទៅទៀត មានរថយន្តមួយចំនួន ត្រូវសហកូនបំណុលទាំងពីរនាក់ខាងលើ បានព្យាយាមយកទៅលាក់ទុកនៅតាមទីកន្លែងផ្សេងៗ ដើម្បីលាក់បាំង និងបង្វែងដានពីមន្រ្តីមានសមត្ថកិច្ច ដែលទទួលបន្ទុកចុះអនុវត្តដីកាសម្រេចរក្សាការពារ ក៏ដូចជាម្ចាស់បំណុល។
គួរបញ្ជាក់ថា សហកូនបំណុលទាំងពីរនាក់ កំពុងរងនូវបណ្ដឹងព្រហ្មទណ្ឌ ទៅលើបទល្មើសចំនួនពីររួមមាន បទក្លែងបន្លំឯកសារសារធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយបច្ចុប្បន្នបុគ្គលឈ្មោះ ហាក់ ឈាងលី ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២០ សីហា ឆ្នាំ២០២១ ចំណែកឯប្រពន្ធឈ្មោះ គួយ រីតា ក៏ត្រូវបានតុលាការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕