Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សជំនិត លោក កឹម សុខា ប្រដូចក្រុមរបស់ លោក សម រង្ស៊ីជា «អ្នកលក់ថ្នាំស្រែង» !

23-12-2021 16:38

(ភ្នំពេញ)៖ លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា បានប្រៀបប្រដូច ក្រុមរបស់ លោកសម រង្ស៊ី ជាគីង្គក់លក់ថ្នាំស្រែង ជុំវិញការចោទប្រកាន់ថាលោកកឹម សុខា និងបក្សពួកជាអ្នកក្បត់ឆន្ទៈ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងការបង្ហោះរូបរបស់ លោក ថាច់ សេដ្ឋា ឈរស្និទ្ធស្នាលជាមួយ កញ្ញា សិន ចាន់រ៉ូហ្សិត ដែលពាក់សំលៀកបំពាក់ជាមួយនឹងរូបសញ្ញាបក្សភ្លើងទៀននោះ លោក មុត ចន្ថាបានលើកឡើងថា៖ «ពូកែលាបពណ៌ និងចោទគេក្បត់ណាស់ ដល់ពេលខ្លួនប្រព្រឹត្តទង្វើក្បត់វិញ ប្រើពាក្យដោះសារថា ដើរផ្លូវណាក៏បានឱ្យតែដល់គោលដៅ។ អញ្ចឹងបានជាតាំងខ្លួនឯងថាជា ក្រុមមិនចេះខុស!»

លោក មុត ចន្ថា បានលើកឡើងទៀតថា តាមពិតពួកគាត់កើតស្រែង តែខំពពាយនាយដើរលក់ថ្នាំស្រែង! ពេលនេះល្អណាស់ ទឹកកាន់តែថ្លាច្បាស់។ ក្រុមអ្នកនយោបាយមានទោសដែលរត់ចោលស្រុកឈរកាង និងឧបត្ថម្ភនៅក្រោយបក្សភ្លើងទៀន មិនទាន់បើកស្រោមមុខនៅឡើយ ប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយសំណាញ់ច្បាប់ញឹកណាស់ ឬកុកអាចភ្លេចជង់ តែជង់មិនអាចភ្លេចកុកឡើយ។ ត្រីស៉ីសន្ទូចជិតរើខ្លួនលេងរួចហើយ!។

សូមបញ្ជាក់ថា ជម្លោះផ្ទៃក្នុងក្រុមប្រឆាំង បានកើតឡើងបន្ទាប់ពីលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ៕