Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាន់ យុត្ថា៖ សូមអ្នកក្រុងសិរីសោភ័ណ កុំបារម្ភពីបញ្ហាទឹក ប៉ុន្មានថ្ងៃទៀត យើងនឹងបង្ហូរទឹកប្រមាណ៥លានម៉ែត្រគូប ពីអាងទឹកកំពីងកំពួយ

21-04-2016 18:39

(បន្ទាយមានជ័យ)៖ ក្រោយពីការប្រកាសអាសន្នរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ រហូតដល់ប្រកាសអាសន្ន នៃការខ្វះខាតទឹក សម្រាប់ក្រុងសិរីសោភ័ណនោះ ភ្លាមៗនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានចេញមកប្រកាសថា លោករដ្ឋមន្រ្តី លឹម គានហោ នឹងដឹកនាំបញ្ជាផ្ទាល់ចុះទៅបង្ហូរទឹក ពីអាងទឹកកំពីងកំពួង ប្រមាណ៥លានម៉ែត្រគូប។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់ Fresh News ថា «សូមប្រជាពលរដ្ឋ ក្រុងសិរីសោភ័ណកុំបារម្ភ ពីបញ្ហាទឹក ពីព្រោះបើបញ្ហានេះ នៅតែប្រឈមខ្លាំងឡើងនោះ លោករដ្ឋមន្រ្តី នឹងចុះទៅដឹកនាំបញ្ជាផ្ទាល់ នាំទឹកពីអាងទឹកកំពីងកំពួយ ចាក់តាមប្រឡាយមេ អូដនពៅ ឆ្ពោះទៅស្ទឹងមង្គលបូរី ហើយបញ្ចាល់ទឹកចូលស្ទឹងសិរីសោភ័ណ ប្រមាណ៥លានម៉ែត្រគូប»។

បើតាមលោក ចាន់ យុត្ថា យុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះលើបញ្ហាទឹកជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ គឺមានយូរហើយ មិនមែនទើបតែកើត មានបញ្ហានេះកើតឡើងឡើយ។

ជាមួយគ្នានេះ លោក ចាន់ យុត្ថា ក៏បានឆ្លើយតបដោយបដិសេធ ចំពោះការចុះផ្សាយរបស់កាសែតក្នុងស្រុកមួយ ថាលោកបានរិះគន់ប្រជាពលរដ្ឋ មិនបានរាយការណ៌ឲ្យទាន់ពេលវេលា នៅពេលខ្វះខាតទឹកដែលលោកថា មិនបាននិយាយបែបនេះទាល់តែសោះ។ តែយ៉ាងណានោះ លោកបានបញ្ជាក់ថា សារព័ត៌មាននោះ បានធ្វើការសុំទោសលោកជាសាធារណ:ហើយ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់​ភ្នាក់ងារ Fresh News ថា អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទឹកស្ទឹងសិរីសោភ័ណ ដែលរីងស្ងួតហួតហែង ធ្លាក់ដល់ចំណុចប្រកាសអាសន្ន និងបង្កឲ្យមានក្តីព្រួយ​បារម្ភជាខ្លាំង ជាពិសេសចំពោះ ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោរភ័ណនេះតែម្តង។

​​លោកអភិបាលរងបានឲ្យដឹងថា ការ​ចុះមើលគ្រប់ទីកន្លែង តាំងពីទំនប់កន្តោល រហូតដល់សំណង់បវេលខេត្តបាត់ដំបងឃើញថា ទឹកស្ទឹងបវរល​ និងស្ទឹង​មង្គលបូរី ស្ទឹងសិរី​សោភ័ណ មាន​សភាពរីងស្ងួត ដីប្រេះបែកក្រហែង រហូតគោក​ដាច់ផ្លូវទឹកជាច្រើន​កន្លែង ស្ទើរគ្មានសល់។ បើសិនជាអាកាស​ធាតុនៅតែបន្តក្តៅខ្លាំង និងរាំង​ស្ងួត គ្មានភ្លៀងធ្លាក់ទេនោះ ខេត្តបន្ទាយ​មានជ័យ ជាពិសេសក្រុង​សិរីសោភ័ណ នឹងជួបគ្រោះអាសន្ន​ ខ្វះទឹកប្រើប្រាស់ជាក់ជាមិនខាន៕