(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការពេញចិត្តពេញថ្លើមជាខ្លាំងចំពោះមន្ត្រីគយ និងរដ្ឋាករកម្ពុជា ដែលបានប្រឹងប្រែងក្នុងការកៀរគរចំណូលសម្រាប់បំពេញសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល សម្រាប់កសាងសង្គមជាតិ និងបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

ទន្ទឹមនឹងការពេញចិត្តចំពោះសមិទ្ធផលទាំងឡាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលសម្រេចបាននេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវឱវាទបន្ថែមមួយចំនួនទៀតជូនដល់មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការប្រមូលពន្ធជូនរដ្ឋ។

ឱវាទទាំង៥ ដែលសម្តេចតេជោ បានផ្តល់ទៅមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះរួមមាន៖

១៖ បន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។

២៖ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ ការងារកែទម្រង់ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់អោយបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។

៣៖ ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ។

៤៖ ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។

៥៖ ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួយវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺជាស្ថាប័នប្រតិបត្តិករដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធអាកររាល់ទំនិញនាំចេញ និងនាំចូលក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គ្រប់គ្រងដោយលោកបណ្ឌិត គុណ ញឹម។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្រសួងគ្រប់គ្រងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបង្ហាញនូវសមិទ្ធផលសម្រេចបានជាច្រើនរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សមិទ្ធផលការងារដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករសម្រេចបាននោះមានដូចខាងក្រោម៖

ទី១៖ ការងារប្រមូលចំណូល៖ ឆ្នាំ២០១៩ ដែលជាឆ្នាំនៃការប្រមូលចំណូលបានល្អបំផុត, ចំណូលពន្ធ និង អាករ ប្រមូលដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា សម្រេចបានក្នុងទំហំប្រមាណ ៣,២១៤ លានដុល្លារអាម៉េរិក ត្រូវជា ១៤២,៣% នៃផែនការចំណូល កំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ។ បើគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ អត្រាកំណើនចំណូលពន្ធ និងអាករ ប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានជាមធ្យមប្រចាំឆ្នាំ ប្រមាណ ១៩.៥% ដែលធ្វើឱ្យតួលេខចំណូលឆ្នាំ ២០១៩ មានទំហំស្មើនឹងជិត ២ដង នៃចំណូលដែលប្រមូលបាន នៅក្នុងឆ្នាំ២០១៤។

ក៏ប៉ុន្តែចាប់ពីដើមឆ្នាំ ២០២០មក ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ និង បានធ្វើឲ្យរង្គោះរង្គើរ យ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ។ កត្តានេះ បានធ្វើឲ្យចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ ២០២០ ចំណូលពន្ធ និងអាករ ប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានចំនួនតែ ៩,៧៩៨.៤ ប៊ីលានរៀល គឺត្រូវជាប្រមាណ ៨៣.៥% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ។ នៅឆ្នាំ២០២១នេះ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩,២៨៣ ប៊ីលានរៀល ឬ ត្រូវជា ៩៧% នៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

ទី២៖ ការងារសម្រួលពាណិជ្ជកម្ម៖ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ និង វិធានការនានារបស់រាជរដ្ឋាភិបាល សំដៅកែលម្អបរិយាកាសវិនិយោគ និង កិច្ចសម្រួលពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និង រដ្ឋា-ករកម្ពុជា បាន និង កំពុង អនុវត្តកម្មវិធីការងារជាអាទិភាពមួយចំនួន ជាអាទិ៍ ៖ (១). ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការគយ រួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និង ប្រព័ន្ធគ្រប់គ្រងហានិភ័យគយ ជាដើម; (២). ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ; (៣). ការបំពេញបែបបទគយមុនទំនិញមកដល់ (Pre-Arrival clearance) និង ការធ្វើសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ; (៤). ការផ្ដល់ប្រព្រឹត្តិកម្មពិសេសដល់ធុរ-ជនមានអនុលោមភាពខ្ពស់ និង ការលើកកម្ពស់យន្តការពិគ្រោះយោបល់ជាមួយវិស័យឯក-ជន; និង (៥). ការពង្រឹងកិច្ចសហប្រតិបត្តិការគយអន្តរជាតិ, ទាំងក្នុងកម្រិតទេ្វភាគី និងពហុភាគី ។

ទី៣៖ ការអភិវឌ្ឍស្ថាប័ន៖ ដើម្បីសម្រេចបានតាមគោលដៅជាយុទ្ធសាស្ត្រ នៃការកសាងរដ្ឋបាលគយមួយទំនើប, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា កំពុងបន្តអនុវត្តយ៉ាងសកម្មនូវផែនការអភិវឌ្ឍធនធានមនុស្ស និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងការបំពាក់មធ្យោបាយបំពេញការងារផង-ដែរ។ ជាក់ស្ដែងក្រៅពីអគាររដ្ឋបាលថ្មី, អគារសាលាជាតិគយ និងសារមន្ទីរគយ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងបន្តសាងសង់អគាររដ្ឋបាល, អគារស្នាក់-នៅ និងឃ្លាំងគយ នៅតាមបណ្តាសាខាគយ និង រដ្ឋាករខេត្ត ព្រមជាមួយនឹងការសាងសង់ការិយាល័យគយ និង រដ្ឋាករ នៅមាត់ច្រកព្រំដែន ដែលសមិទ្ធិផលទាំងនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ដល់ការលើកកម្ពស់មុខមាត់ស្ថាប័នរាជរដ្ឋាភិបាល ដែលជាអង្គភាពជំនាញ, ឈរជើងនៅតាមព្រំដែននៃប្រទេស។

ទី៤៖ ការចូលរួមអនុវត្តវិធានការគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៖ ក្រៅពីអនុវត្តភារកិច្ចស្នូលក្នុងការប្រមូលពន្ធ និងអាករ និង ការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក៏ចូលរួមអនុវត្តយ៉ាងសកម្ម នូវវិធានការគោល-នយោបាយនានារបស់រាជរដ្ឋាភិបាល រួមមាន៖ ការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធអាករដល់គម្រោងវិនិយោគនានា រួមទាំងសហគ្រាសធុនតូច និង មធ្យម ក៏ដូចជាវិធានការកែសម្រួល និង បន្ធូបន្ថយអត្រាពន្ធ និង អាករលើមុខទំនិញមួយចំនួន សំដៅគាំទ្រផលិតកម្មក្នុងស្រុក និង ទ្រទ្រង់ទីផ្សារក្នុងស្រុក។ ជាពិសេសវិធានការកាត់បន្ថយ ឬ លុបអត្រាពន្ធ និង អាករលើទំនិញចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ជាដើម ។ បន្ថែមលើនេះ ជាការចូលរួមចំណែកនៅក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សំដៅប្រយុទ្ធនឹងជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្កើតច្រកពិសេស ដែលផ្តល់ការសម្រួលលឿន និង ឆាប់រហ័សជាអតិបរមា សម្រាប់ការនាំចូលសម្ភារៈ, បរិក្ខារ និងទំនិញផ្សេងៗ ដែលមានមុខសញ្ញាប្រើប្រាស់ នៅក្នុងការទប់ស្កាត់, ការការពារ និង ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕