(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋ ដែលទទួលរងនូវការប៉ះពាល់ជីវភាពជិត៣លាននាក់ ក្នុងនោះមួយខែ ត្រូវចំណាយថវិកាជាង៣០លានដុល្លារអាមេរិក។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកាដែលយកទៅប្រើប្រាស់ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ គឺជាថវិកាដែលរាជរដ្ឋាភិបាលកម្ពុជា បានសន្សំទុក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «យើងត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ជិត៣លាននាក់ ដែលមួយខែយើងចំណាយប្រមាណ ជាង៣០លានដុល្លារ មិនទាន់គិតដល់អ្វីដែលយើងត្រូវផ្ដល់ជូននៅតាមមន្ទីរពេទ្យនានា»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០២១នេះ ចំណូលពន្ធដារ និងគយ មានទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈចំណូលនេះធ្លាក់ច្រើនបើធៀប មុនពេលមិនទាន់មានកូវីដ១៩ តែអាចជួយឲ្យកម្ពុជាគ្រប់គ្រងស្ថានភាពចំណាយបាន ដោយសារតែរាជរដ្ឋាភិបាលមានការគ្រប់គ្រងថវិកាបានត្រឹមត្រូវ ដែលសម្ដេចហៅថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ។

គួរជម្រាបថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋក្រ១ ក្រ២ ប្រមាណ៦៨ម៉ឺនគ្រួសារ ដែលមានប្រជាជនប្រមាណ២លាន ៧សែននាក់ នៅតែបន្តទទួលបាន សាច់ប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែ ខណៈកម្មវិធីជំនួយសង្គមផ្សេងទៀត នៅតែបន្តទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល នៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ដែលអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ។ ថវិកាដែលត្រូវបានបើកឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងវិបត្តិនេះ សរុបប្រមាណ២,៣០០លានដុល្លារ។

សម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺមិនមែនធ្វើឡើងតែប្រជាពលរដ្ឋក្រ១ ក្រ២នោះទេ គឺរាជរដ្ឋាភិបាល បានបន្តឧបត្ថម្ភដល់កម្មវិធីសង្គមផ្សេងទៀត ដែលមានពីមុនមកនោះក៏បន្តឧបត្ថម្ភ នៅក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩នេះដែរ។ សម្រាប់កម្មវិធីជំនួយសង្គមទាំងនោះ រួមមាន៖ កម្មវិធីផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ, កម្មវិធីផ្តល់ម្ហូបអាហារដល់កុមារនៅតាមសាលារៀន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀតជាដើម ។ល។

សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៣៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៣៤នាក់, ស្លាប់សរុបចំនួន៣,០០៦នាក់។

សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញនេះ ក៏បានទម្លាយដែរថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលទើបតែបិទបញ្ចប់នេះ ក៏មានអង្គរក្សរបស់សម្តេចជាង៤០០នាក់ បានកើតកូវីដ១៩ តែក្រោយពេលបានចាក់វ៉ាក់សាំង ធ្វើឲ្យទប់ស្កាត់ការរីករាលដាលនេះ។

គិតត្រឹមយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៣៧,០៤៨នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៣៧,២៥៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៩,៤៣៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩៣,២២០នាក់
៤៖ អាយុ៥ឆ្នាំ ២៩៧,១៣៥នាក់៕