(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបន្តថ្លែងបង្ហើបថា នៅឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឲ្យសម្តេច លក់ស្ថាប័នគយ ៥០% ប៉ុន្តែសម្តេចបដិសេធមិនលក់នោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើលក់ស្ថាប័នគយ ប្រៀបបាននឹងលក់អធិបតេយ្យជាតិឲ្យបរទេស និងធ្វើឲ្យបាត់ចំណូល ៥០%ឯណោះ។ សម្តេចបន្តថា ដោយសារមិនលក់ស្ថាប័នគយ ទើបធ្វើឲ្យបរទេសខ្លះមិនពេញចិត្តនឹងសម្តេច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរង្វង់ឆ្នាំ២០០៤ មិត្តភក្តិដៃគូរបស់យើង បានផ្តល់មតិឲ្យយើង និងគូសហើយស្រេចនូវគំនូសបំព្រួញ អំពីការលក់គយ បានន័យថា បបួលយើងឲ្យលក់អធិបតេយ្យជាតិ របស់យើងតែម្តង។ [...] គេគូសមក ម្ខាងរដ្ឋម្ខាងឯកជន គេដាក់ ៥០% នៅខាងផ្នែករដ្ឋ និង ៥០% ខាងផ្នែកឯកជន។ យើងលួចដឹងទៀតថា មិនមែនអ្នកក្នុងស្រុកជាអ្នកទិញទេ គឺមកពីបរទេស»

សម្តេចបន្តទៀតថា «បើពេលនោះ ខ្ញុំមិនដាច់ខាត ដើម្បីការពារនូវអធិបតេយ្យជាតិ តើមកដល់ពេលនេះ ប្រាក់ចំណូលគយ ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន (ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) លើកឡើងបាត់បង់ទៅណា? ប្រាក់ចំណូលគយ របស់យើងត្រូវចែក ៥០% ឲ្យបរទេស ដែលមកទិញគយ។ ខ្ញុំជំទាស់នៅពេលនោះ រហូតដល់មានបរទេសខ្លះមិនពេញចិត្តខ្ញុំ»

នេះមិនមែនជាលើកទី១នោះទេ ដែលសម្តេចបង្ហើបរឿងផ្តល់មតិពីបរទេសឲ្យលក់ស្ថាប័នគយ ប៉ុន្តែសម្តេចមិនដែលលាតត្រដាងថា បរទេសដែលណែនាំឲ្យលក់ស្ថាប័នគយនោះ ជានរណានោះដែរ។ បើតាមការពន្យល់របស់សម្តេចតេជោ ហ៊ុន សែន មានន័យថា ការមិនលក់គយ ដោយសារវាជាផ្នែកមួយនៃសេវាអធិបតេយ្យ។

សម្តេចអះអាងថា នៅបរទេសខ្លះ ស្ថាប័នគយគេបំពាក់សុទ្ធតែបច្ចេកវិទ្យាទំនើបៗ ដើម្បីការពារជានិច្ច ហេតុដូច្នេះហើយ ការឲ្យបរទេសគ្រប់គ្រងត្រួតត្រាគយ ៥០%នោះ អធិបតេយ្យជាតិក៏បាត់បងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំអ្នកជំនាន់ក្រោយថា ធ្វើអ្វីក៏ដោយត្រូវឈរលើទស្សនៈការពារឯករាជ្យ និងអធិបតេយ្យជាតិ មិនត្រូវយកទៅដោះដូរនឹងលក្ខខណ្ឌណាមួយរបស់បរទេសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការណ៍ដែលបរទេសផ្តល់មតិឲ្យលក់គយ ដោយគេសំអាងថា ចង់មានឲ្យមានការធ្វើទំនើបកម្មគយរបស់កម្ពុជា។ បញ្ហានេះ ត្រូវបានសម្តេចលើកឡើងថា ការសម្ពោធអគាររដ្ឋបាលគយ និងរដ្ឋាករ គឺជាសក្ខីភាពបង្ហាញឲ្យឃើញនូវចំណែកមួយនៃការធ្វើទំនើបកម្មវិស័យគយរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នឹងពន្យារពេលការចូលនិវត្តជាអគ្គនាយកគយ និងរដ្ឋាករ របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មស្ថាប័នមួយនេះ៕