(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចុះប្រគល់ជូនពលរដ្ឋជាមនុស្ស ចាស់គ្មានទីពឹង ជនពិការភាព ពលរដ្ឋមានជំងឺ ជនងាយរងគ្រោះ ដល់តាមខ្នងផ្ទះចំនួន២៧គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋាន សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ។

នាឱកាសនោះ ក៏មានការចូលរួមពីលោកស្រី ស៊ិន រតនា តំណាងលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីកម្ពុជា និងអមដំណើដោយចៅសង្កាត់ ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ជាច្រើនរូបទៀត ។

លោក ធឹម សំអាន ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់ ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពិសេសសម័យកូវីដ១៩នេះ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រាដែលជួបការលំបាក នានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយមិនបណ្តែតបណ្តោយ ពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

អភិបាលខណ្ឌបឹងកេងកង ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋថែទាំសុខភាពជាប្រចាំ ដោយនៅពេលនេះអាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ ងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាប្រចាំ និងសូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា«៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ចែកជូនប្រជាពលរដ្ឋរួមមាន៖ អង្ករ ១០គីឡូ, មី ចំនួន ១០កញ្ចប់, អំបិលមួយកញ្ចប់, ជែល១ដប, ត្រីខ ចំនួន០៤កំប៉ុង និងតែចំនួន០១កញ្ចប់៕