(សៀមរាប)៖ គ្រឹះស្ថានអង្គរ នៅថ្ងៃទី២១ ខែមេសានេះ ចេញសេចក្ដីប្រកាសព័ត៌មានមួយ បំភ្លឺជុំវិញការ ចុះផ្សាយរបស់សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ទាក់ទងនឹងករណី គ្រឹះស្ថានអង្គរ នៅប្រើប័ណ្ណចាស់ ដែលបានបោះពុម្ភដោយក្រុមហ៊ុនសុខា អូតែល សម្រាប់លក់ជូនភ្ញៀវចូលទស្សនា រមណីយដ្ឋានអង្គរ ។
សេចក្តីប្រកាសព័ត៌មារបស់គ្រឹះស្ថានអង្គរបានលើកឡើងថា គ្រឹះស្ថានអង្គករ បានទទួលប័ណ្ណដែលបានបោះពុម្ភរួច សម្រាប់លក់ជូនភ្ញៀវក្នុងឆ្នាំ២០១៦នេះ រួចជាស្រេច និងបានពិនិត្យឃើញថា ប័ណ្ណខាងលើនេះ ស្ថិតនៅក្នុងលក្ខខណ្ឌមួយ មានភាពច្បាស់លាស់ ត្រឹមត្រូវ ដោយមិនចាំបាច់ធ្វើការចំណាយបោះពុម្ភជាថ្មីទេ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានបោះសញ្ញាសម្គាល់របស់គ្រឹះស្ថាន ពីលើប័ណ្ណនោះផងដែរ ហើយប័ណ្ណដែលបានបោះពុម្ភរួច គឺមានបីប្រភេទ២០ដុល្លារ ៤០ដុល្លារ និង៦០ដុល្លារ គិតជាក្បាលប័ណ្ណមានចំនួន ៤៨.៥០០ក្បាល ស្មើនឹង ២.៤២៥.០០០សន្លឹក ដែលមានលេខរៀងបញ្ជាក់ត្រឹមត្រូវ ទៅតាមប្រភេទប័ណ្ណនីមួយៗ។
បើតាមសេចក្តីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរបានយល់ឃើញថា ការប្រើប្រាសប័ណ្ណ ដែលបោះពុម្ភរួចនេះ មិនបានប៉ះពាល់ដល់ការគ្រប់គ្រងឲ្យមានតម្លាភាព និងគណនេយ្យភាពនោះទេ ៕