(មូស្គូ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នាទីក្រុងម៉ូស្គូ នៅម្សិលមិញនេះ, លោក នីកូឡាយ ហ្វីដូរ៉ូវ (Nikolay Fedorov) អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី បានកោតសរសើរថា ប្រទេសកម្ពុជា ពេលនេះ កំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់។
លោក នីកូឡាយ ហ្វីដូរ៉ូវ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងរួចហើយ កាលពីខែមីនា ឆ្នាំ២០១៦ ។ នៅក្នុងជំនួបជាមួយ សម្តេច ហេង សំរិន លោកបានលើកឡើងថា នៅពេលមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ លោកបានកត់សម្គាល់ឃើញរាជធានីភ្នំពេញ បានកំពុងសាងសង់អគារខ្ពស់ៗ។ ចំណែកនៅលើដងផ្លូវ មានរថយន្តជាច្រើន ពិសេសរថយន្តម៉ាកល្បីៗ ធ្វើចរាចរណ៍ សកម្មភាព នេះបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកអនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានគូសបញ្ជាក់ថា មានអ្នកវិនិយោគទុនរុស្ស៊ីមួយចំនួន បានកំពុងពិចារណាក្នុងការទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នៅត្រង់ចំណុចនេះ លោកនឹងបង្កើតក្រុមការងារមួយ ដើម្បីធ្វើការផ្សព្វផ្សាយពីទំនាក់ទំនងដ៏ល្អ រវាងរុស្ស៊ី និងកម្ពុជា ជាពិសេសគឺការផ្សព្វផ្សាយឲ្យអ្នកវិនិយោគទុនបានដឹង ពីការរីកចម្រើននៅកម្ពុជា ដើម្បីជំរុញអ្នកទេសចរ និងវិនិយោគិនរុស្ស៊ី ទៅកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនឡើង។
ជាមួយគ្នានេះ លោក នីកូឡាយ បានប្រាប់ថា កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី បានអនុម័តបង្កើតនូវគណៈកម្មការមិត្តភាពរុស្ស៊ី-កម្ពុជា ដើម្បីសម្របសម្រួលការងារជាមួយព្រឹទ្ធសភាកម្ពុជារួចមកហើយដែរ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកាន់តែខ្លំាងក្លា និងស៊ីជម្រៅរវាងសភាប្រទេសទំាងពីរ។
សម្តេច ហេង សំរិន បានលើកឡើងថា ប្រទេសកម្ពុជា និងរុស្ស៊ីមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយ ហើយឆ្នាំ២០១៦នេះ គឺជាឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលអាចចាត់ទុកថា រុស្ស៊ីគឺជាមហាមិត្តចាស់ និងជាអ្នកជិតខាងដ៏ល្អ របស់កម្ពុជានៅគ្រប់កាលៈទេសៈ។
សម្តេច ហេង សំរិន បានបន្ថែមថា អតីតសហភាពសូវៀត គឺជាប្រទេសដែលធ្លាប់មានគុណបំណាច់យ៉ាងធំ ចំពោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជា នាទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីកម្ពុជាទើបតែបានរំដោះចេញពីរបបប៉ុលពត។ បន្ទាប់មកទៀត សហព័ន្ធរុស្ស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា កាលពីជាង២០ឆ្នាំមុន ។
សម្តេច ប្រធានរដ្ឋសភា បានអបអរសាទរចំពោះការចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្សី ជាមួយនឹងព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកនេះ ដែលជាកត្តា យ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត។ សម្តេចក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោក នីកូឡាយ ហ្វីដូរ៉ូវ ដែលបានខិតខំជំរុញលើកកម្ពស់ ទំនាក់ទំនងសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។
ជាទីបញ្ចប់សម្តេចប្រធានរដ្ឋសភា សំណូមពរ និងគំាទ្រចំពោះគម្រោងការកៀងគរអ្នកវិនិយោគ អ្នកទេសចរ ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកម្ពុជាបន្ថែមទៀត៕