(ហាងចូវ)៖ អាជ្ញាធរថ្នាក់ខេត្តចិនបានបញ្ជាឱ្យជនល្បីឈ្មោះ និងអ្នកលក់អនឡាញរាយការណ៍ពីបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធនឹងពន្ធមុនឆ្នាំ២០២២។ ការបញ្ជានេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកនាង Viya ដែលគេឱ្យរហ័សនាមថាជារាជនីលក់អនឡាញរបស់ប្រទេសចិនបានរងការពិន័យចំនួន ១,៣៤ប៊ីលានដុល្លារ (២១០លានដុល្លារ) ពីបទគេចពន្ធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកនាង Viya ដែលជាអ្នកលក់ផលិតផលតាមរយៈការផ្សាយបន្តផ្ទាល់តាមបណ្តាញទនាក់ទំនងសង្គម ឬហៅថាពាណិជ្ជកម្មអេឡិចត្រូនិច ដែលមានឈ្មោះដើមថា Huang Wei ត្រូវបានពិន័យកាលពីថ្ងៃចន្ទដោយការិយាល័យពន្ធដារក្រុងហាងចូវ ពីបទលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងបទឧក្រិដ្ឋផ្សេងទៀតដែលបានប្រព្រឹត្តចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។

នៅថ្ងៃពុធសប្តាហ៍នេះ មន្ត្រីពន្ធដារមកពីទីក្រុងនានា និងបណ្តាខេត្តផ្សេងៗដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចបំផុតរបស់ប្រទេចិន បានចេញផ្សាយសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួន ដោយបញ្ជាឱ្យជនល្បីឈ្មោះ និងអ្នកលក់អនឡាញអនុវត្តស្វ័យពិនិត្យទៅលើកំហុសនានាពាក់ព័ន្ធនឹងពន្ធរបស់ខ្លួន ហើយប្រសិនបើរកឃើញកំហុសដោយខ្លួនឯងនោះត្រូវកែតម្រូវកំហុសទាំងនោះ និងរាយការណ៍ទៅកាន់អាជ្ញាធពន្ធដារដែលពាក់ព័ន្ធ។

សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា៖ «មុនដំណាច់ឆ្នាំ២០២២ កែតម្រូវបញ្ហាពាក់ព័ន្ធនឹងពន្ធ និងរាយការណ៍បញ្ហាទាំងនេះទៅកាន់ការិយាល័យពន្ធ (ដែល) នឹងសម្រាល កាត់បន្ថយ ឬលើកលែងការពិន័យពន្ធស្របតាមលក្ខខណ្ឌតម្រូវនៃការជូនដំណឹងនេះ»

សេចក្តីជូនដំណឹងដដែលនេះបានបន្តថា៖ «ប្រសិនបើស្វ័យអធិការកិច្ច និងស្វ័យកែតម្រូវនៅតែត្រូវបានបដិសេធមិនធ្វើ ឬធ្វើមិនម៉ត់ចត់ ការិយាល័យពន្ធនឹងធ្វើការងារយ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងបទប្បញ្ញត្តិ»។

ជនល្បីឈ្មោះ និងអ្នកលក់អនឡាញគឺជាមនុស្សចុងក្រោយគេបំផុតដែលទទួលរងការចាត់វិធានការនៅក្នុងការបង្ក្រាបដ៏ទូលំទូលាយមួយដែលដំបូងឡើយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអាជីវកម្មផ្តាច់មុខ ប៉ុន្តែចាប់តាំងពីពេលនោះមក បានពង្រីកវិធានការនេះទៅក្នុងវិស័យអប់រំឯកជន ភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គម និងឧស្សាហកម្មផ្សេងទៀតដែលត្រូវបានចាត់ទុកដោយទីក្រុងប៉េកាំងថាជាអ្នកបង្កឧបសគ្គដល់គោលដៅចុងក្រោយបំផុតរបស់ខ្លួនក្នុងការកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងការសម្រេចបាន “វិបុលភាពរួម”។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ៕