(ភ្នំពេញ)៖ លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់ លោក ង្វៀន សួនហ៊្វុក លើកដំបូងក្នុងតំណែងប្រធានរដ្ឋវៀតណាម បានធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ លោកប្រធានាធិបតីវៀតណាម ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្លាមៗនៅឯព្រលានយន្តហោះ ពីសំណាក់ សម្តេចចៅហ្វាវាំង គង សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

លោក ង្វៀង ស៊ួនហ្វុក បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅវេលាម៉ោង៩៖៤៣នាទីព្រឹកថ្ងៃដំបូងនេះ។ នៅទីនោះ មានកម្មវិធីគោរពភ្លេងជាតិប្រទេសទាំងពិរ ការត្រួតពល ការឧទ្ទេសនាមគណៈប្រតិភូផ្លូវការ នៃប្រទេសជាម្ចាស់ផ្ទះ និងប្រទេសជាតិផងដែរ។

ក្រោយពេលបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតីវៀតណាម បានចូលគាល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ នៅក្នុងឱកាសនោះ ក៏មានផងដែរនូវពិធីថ្វាយ-ជូន វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក។

បន្ទាប់ពីបានបញ្ចប់ការចូលគាល់ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ លោកង្វៀន សួនហ៊្វុក បានឆ្ពោះទៅកាន់វិមានសន្តិភាព ដើម្បីបន្តជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំចង្អៀតរវាងមេដឹកនាំទាំងពីរ ត្រូវបានចាប់ផ្តើមឡើងនៅប្រមាណម៉ោងជាង១១ព្រឹក បន្ទាប់មកបន្តមានជំនួបកំពូលរវាងមេដឹកនាំទាំងពីរជាផ្លូវការ ហើយសម្តេចតេជោ ហ៊ុន សែន និង លោកង្វៀន សួនហ៊្វុក ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧រវាងកម្ពុជា-វៀតណា មផងដែរ។

ឯកសារចំនួន៧នោះរួមមានដូចតទៅ៖

១៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២៖ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម
៣៖ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
៤៖ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម
៥៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើត
៦៖ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
៧៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម

នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីវៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ង្វៀង ស៊ួនហ្វុក សម្រាប់ការគាំទ្រកម្ពុជាធ្វើយ៉ាងណាឱ្យទទួល ជោគជ័យក្នុងកិច្ចប្រជុំអាស៊ានឆ្នាំក្រោយនេះ។ សម្តេចក៏បានថ្លែងអំណរគុណ លោកង្វៀង ស៊ួនហ្វុក ដែលកន្លងមកគាំទ្រ និងជួយដល់កម្ពុជា ធ្វើឱ្យកម្ពុជាជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ស៊ួនហ្វុក បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម រយៈពេល៥៥ឆ្នាំកន្លងមក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម មកកាន់កម្ពុជា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមប្រធានរដ្ឋ ហើយទស្សនកិច្ចនេះ គឺទស្សនកិច្ចបើកឆ្នាំមិត្តភាពរវាងកម្ពុជា-វៀតណាម។ ដោយឡែក លោក ង្វៀង ស៊ួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម ការលើកកម្ពស់តួនាទី និងមុខមាត់របស់កម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ក្រោយបញ្ចប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងកម្មវិធីចុះហត្ថលេខាលើឯកសារកម្ពុជា-វៀតណាម លោក ង្វៀន សួនហ៊្វុក បានចូលរួមពីលៀងភោជនាអាហារថ្ងៃត្រង់ ដែលរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន។ រហូតដល់ពេលរសៀល បានបន្តអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប ដោយមានការអមដំណើរពីលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។

បន្តពីនោះ លោកប្រធានរដ្ឋវៀតណាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ដោយអមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ការដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ តែក្លាយជាកម្មវិធីទូទៅ ដែលធ្វើឡើងដោយមេដឹកនាំប្រទេសនានា ពេលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។

នារសៀលថ្ងៃទី២១ ខែធ្នូដដែលនោះ លោកប្រធានរដ្ឋវៀតណាម ក៏បានបន្តអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានមិត្តភាពកម្ពុជា-វៀតណាម ដោយអមដំណើរដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។

បន្ទាប់បញ្ចប់កម្មវិធីគោរពវិញ្ញាណក្ខន្ធនេះ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី២១ ខែធ្នូ លោក ង្វៀង ស៊ួនហ្វុក បានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។ នៅក្នុងឱកាសជំនួបសំដែងការគួរសមនេះ លោក ង្វៀង សួនហ៊្វុក បានអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយ។

បន្តពីនោះនៅវេលាម៉ោងជាង៤៖៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូដដែលនេះ លោកប្រធានាធិបតីវៀតណាម បានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ។ បន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសមនេះ លោកប្រធានរដ្ឋបានអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា។ អគារដែលត្រូវបានរៀបចំសាងសង់នេះ ជាជំនួយឥតសំណងរបសរដ្ឋាភិបាលវៀតណាម ជូនរាជរដ្ឋាភិបាលកម្ពុជា អំឡុងទស្សនកិច្ចលោក ង្វៀន ភុជុង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម កាលពីខែកក្កដា ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ប្រមាណ២៥លានដុល្លារ។

ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចពេញ១ថ្ងៃ នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដែលរៀបចំឡើងដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីវៀតណាម។ ពិធីនេះ ក៏មានការចូលរួមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំវៀតណាម ដែលបានអមដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីវៀតណាមផងដែរ។

លុះដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃទី២នៃទស្សនកិច្ចរបស់លោកប្រធានាធិបតីវៀតណាម, សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីទទួលទានអាហារពេលព្រឹកការងារជូន លោក ង្វៀន សួនហ៊្វុក ប្រមុខរដ្ឋរបស់វៀតណាម ដែលធ្វើឡើងនៅភូមិគ្រឹះក្នុងក្រុងតាខ្មៅ ។ ក្នុងពីធីទទួលទានអាហារការងារនេះ មានវត្តមានកូនប្រុសទាំងបីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចូលរួមផងដែរ។ ក្នុងជំនួបអាហារពេលព្រឹក សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញទទួលទានអាហារការងារពេលព្រឹកនៅភូមិគ្រឹះរបស់សម្តេច។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម បានធ្វើការផ្តាល់ប្តូរយោលបល់ពីគ្នាទៅវិញទៅមកជុំវិញការងារមួយចំនួន ដែលសម្តេច និងប្រធានរដ្ឋវៀតណាម ធ្លាប់បានធ្វើជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល។ ក្នុងនោះការជួបជុំជាលក្ខណៈគ្រួសារ និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឱ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ទាប់ពីបញ្ចប់ការទទួលទានអាហារពេលព្រឹកហើយនោះ លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានបន្តចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម ហើយបន្ទាប់ពីនោះ លោក ង្វៀន សួនហ្វុក ក៏នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ មុននឹងលោកបញ្ចប់ទស្សនកិច្ច។

លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា ត្រូវបានចាត់ទុកថាជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាសរុបរួមជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានាធិបតីវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា-វៀតណាម។

ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំកំពូលកម្ពុជា-វៀតណាម បានប្រកាសថា ឆ្នាំ២០២២ ខាងមុខនេះ គឺជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ សេចក្តីថ្លែងការណ៍រួមគូសបញ្ជាក់ដូច្នេះថា៖ «ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏ជាការបើកឆ្នាំមិត្តភាពកម្ពុជា-វៀតណាម វៀតណា ម-កម្ពុជា ឆ្នាំ២០២២ ផងដែរ»។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា៖ «ក្នុងបរិយាកាសនៃសាមគ្គីភាព មិត្តភាព ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម»។

ក្នុងសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម បានបង្ហាញការគាំទ្រ អាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC។ សេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា៖ «ភាគីទាំងពីរក៏បានគាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC ផងដែរ»។

ក្នុងសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា មេដឹកនាំកម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្រណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត»។ ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ទៀតថា កម្ពុជា និងវៀតណាម នឹងពន្លឿនការទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្រវ៉ាក់សាំង (vaccine passports/certificates) ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការធ្វើការរួមគ្នាក្នុងការដោះស្រាយផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងន័យនេះ ភាគីទាំងពីរនឹងពន្លឿនការពិភាក្សាឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែន ឬវិញ្ញាបនបត្រវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យទាន់ពេលវេលាប្រកបដោយសុវត្ថិភាព ដែលនឹងរួមចំណែកជាក់ស្តែងដល់ការងើបឡើងវិញ ប្រកបដោយចីរភាពនៃសេដ្ឋកិច្ច-សង្គម របស់ប្រទេសនីមួយៗ ក្នុង «គន្លងប្រក្រតីភាពថ្មី» និងក្រោយជំងឺរាតត្បាត»។

កម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។

 

ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ក្នុងនោះវៀតណាម បានផ្តល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារ បូករួមនឹងគ្រឿងបរិក្ខារពេទ្យជាបន្តបន្ទាប់មកកាន់កម្ពុជា។ ដោយឡែកកម្ពុជា ក៏បានផ្តល់ថវិកាសរុបប្រមាណ ៣៥ម៉ឺនដុល្លារ ព្រមទាំងបរិក្ខារពេទ្យជាច្រើនទៀត ទៅកាន់ប្រទេសវៀតណាម។
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជូនរដ្ឋាភិបាលវៀតណាម នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមចំនួន ២០ម៉ឺនដូសទៅកាន់ប្រទេសវៀតណាមផងដែរ។

 

ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។ ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន ៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៨៩.៤លានដុល្លារអាមេរិក៕