ប្រជាពលរដ្ឋក្រុងសិរីសោភ័ណ ប្រកាសអាសន្នពីការខ្វះទឹកស្អាតប្រើប្រាស់, អាជ្ញាធរកំពុងសិក្សាស្វែងរកប្រភពទឹកជួយសង្គ្រោះ
21-04-2016 17:27
(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទឹកស្ទឹងសិរីសោភ័ណ ដែលរីងស្ងួតហួតហែង ធ្លាក់ដល់ចំណុចប្រកាសអាសន្ន និងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ជាពិសេសចំពោះប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោរភ័ណនេះតែម្តង។
លោកអភិបាលរងបានឲ្យដឹងថា ការចុះមើលគ្រប់ទីកន្លែង តាំងពីទំនប់កន្តោល រហូតដល់សំណង់បវេលខេត្តបាត់ដំបងឃើញថា ទឹកស្ទឹងបវរល និងស្ទឹងមង្គលបូរី ស្ទឹងសិរីសោភ័ណ មានសភាពរីងស្ងួត ដីប្រេះបែកក្រហែង រហូតគោកដាច់ផ្លូវទឹកជាច្រើនកន្លែង ស្ទើរគ្មានសល់។ បើសិនជាអាកាសធាតុនៅតែបន្តក្តៅខ្លាំង និងរាំងស្ងួត គ្មានភ្លៀងធ្លាក់ទេនោះ ខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងសិរីសោភ័ណ នឹងជួបគ្រោះអាសន្ន ខ្វះទឹកប្រើប្រាស់ជាក់ជាមិនខាន។
លោកបន្តថា អាជ្ញាធរយើងបានស្នើដល់ក្រុមហ៊ុនទឹកស្អាត ត្រូវរកម៉ាស៊ីនបូមទឹកពីផ្នែកខាងក្រោមនៃស្ទឹង និងសូមឲ្យក្រុមហ៊ុនកាយស្ទឹងឲ្យបានជ្រៅជាងនេះ និងជីកស្រះ ដើម្បីទប់ទឹកពេលរដូវវស្សា ម្យ៉ាងទៀតខេត្តនឹងធ្វើការស្នើបង្ហូរទឹកពីខេត្តបាត់ដំបង មកចូលក្រុងសិរីសោភ័ណ ក៏ដូចជាស្រុកមង្គលបូរីឲ្យបានប្រើប្រាស់ផង។ ស្របពេលជាមួយគ្នានោះ លោកក៏បានសំណូមពរដល់ពលរដ្ឋ ត្រូវចេះប្រើប្រាស់សន្សំសំចៃ ឬរក្សាទឹកទុក ដើម្បីការពារទៅថ្ងៃមុខ។
លោកក៏បានបន្តថា មិនមែនតែខេត្តបន្ទាយមានជ័យនោះទេ ដែលជួយគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់នេះ នៅខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងយើងក៏សុទ្ធសឹងតែកំពុង ជួបនូវគ្រោះអាសន្ននេះដូចគ្នាផងដែរ បើតាមការប្រកាសរបស់ក្រសួងធនធានទឹក៕