(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះថា នៅថ្ងៃទី០៤-០៧ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំសមាគម អ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន លើកទី១៩ (19th AVA Congress) ដ៏ធំនៅរាជធានីភ្នំពេញ ។
លោក គីម ហ៊ាង បានចាត់ទុកថា ការធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំសមាគមអ្នកវាយតម្លៃអាស៊ាននេះ ជាឱកាសមាស សម្រាប់ប្រទេសកម្ពុជា ដើម្បីផ្ដល់នូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដល់អ្នករកស៊ីវិស័យអចលនទ្រព្យកម្ពុជា ដែលជាកត្ដាដ៏សំខាន់ក្នុងការ ជំរុញសេដ្ចកិច្ចជាតិ។
ប្រធានសមាគមរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំលើកទី១៩ខាងមុខនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងមានវាគ្មិនល្បីៗ ដែលជាអ្នកជំនាញថ្នាក់តំបន់ និងកម្រិតពិភពលោក មកចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ អំពីការវាយតម្លៃលើវិស័យអចលនទ្រព្យ ដែលរំពឹងថានឹងមានតំណាងក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្ដរជាតិប្រមាណ ៥០០នាក់ឯណោះចូលរួម។
លោក គីម ហ៊ាង បញ្ជាក់ទៀតថា លើកទី១នៃការធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានធ្វើជាប្រធាននៃកិច្ចប្រជុំសមាគម អ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ហើយនឹងអាចធ្វើជាប្រធានម្ដងទៀតនៅ២០ឆ្នាំក្រោយ។ ហើយយើងជាអ្នករៀបចំរបៀបវារៈ ដែលសុទ្ធសឹងជាប្រធានបទពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបញ្ជាក់ទៀតថា តាមរយៈការរៀបចំ ដោយមានការអញ្ជើញវាគ្មិនល្បីៗ មកចូលរួម និងមានការចូលរួមពីតំណាងក្រុមហ៊ុន អចលនទ្រព្យក្នុងតំបន់ ដែលមានសេវា វាយតម្លៃរីកចម្រើនផងនោះ គឺនឹងមានការផ្លាស់ប្ដូរបទពិសោសន៍គ្នាទៅវិញទៅមក ដែលនេះគឺជាឱកាសដ៏ល្អ សម្រាប់តំណាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ដែលត្រូវទទួលបានចំណេះដឹង និងជំនាញថ្មីៗពីកិច្ចប្រជុំរបស់យើង។
គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិករបស់សមាគម អ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន រយៈពេល ៨ឆ្នាំមកហើយ តែមិនធ្លាប់ធ្វើជាប្រធាននោះទេ ។ ដូច្នេះនេះជាឱកាសរបស់កម្ពុជា ដើម្បីបង្ហាញពីភាពរីកចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា និងបង្កើនភាពទាក់ទាញវិនិយោគគិនបរទេសមកកម្ពុជា៕