(ចិន)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៥៣ ដែលមុននឹងបានក្លាយជាប្រមុខការទូតកំពូលរបស់ចិន លោកធ្លាប់បានកាន់តំណែងសំខាន់ៗ ជាច្រើនរួចមកហើយដូចជា អនុរដ្ឋមន្ត្រីការបរទេស, ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន និង នាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ជាដើម។
បុរសដែលមានស្រុកកំណើតនៅទីក្រុងប៉េកាំងរូបនេះ បានបញ្ចប់ថ្នាក់វិទ្យាល័យនៅពីខែកញ្ញា ឆ្នាំ ១៩៦៩ ដែលកាលណោះ លោកត្រូវបានគេបញ្ជូនទៅកាន់ភាគឦសានប្រទេសចិន ដើម្បីទទួលការ ហ្វឹកហ្វឺនជំនាញនៅឯក្រុមហ៊ុនវិស្វកម្មយោធានៃភាគឦសាន ក្នុងខេត្តហៃឡុងជាំង ដែលមានរយៈពេល រហូតដល់ទៅ ០៨ឆ្នាំឯណោះ។
នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញ ដើម្បីទទួលការសិក្សាស្វែងយល់បន្ត នៅឯនាយកដ្ឋានភាសាអាស៊ី និងអាហ្វ្រិក នៃទីក្រុងប៉េកាំង (BISU) ហើយលោកក៏បានបញ្ចប់បរិញ្ញាប័ត្រភាសាជប៉ុន នៅខែកុម្ភៈ ឆ្នាំ១៩៨២ថែមទៀត។ ដោយឡែកភរិយារបស់លោក វ៉ាង យី គឺជាកូនស្រីរបស់លោក Qian Jaidong ដែលជារដ្ឋមន្ត្រីការបរទេសរបស់អតីតរដ្ឋាភិបាលចិនដឹកនាំ ដោយលោក ជូ អេងឡាយ (Zhou Enlai)។
នៅខែកញ្ញា ឆ្នាំ១៩៨៩ លោក វ៉ាង ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនឲ្យទៅធ្វើការងារនៅស្ថានទូតចិនប្រចាំ ទីក្រុងតូក្យូប្រទេសជប៉ុន ដែលមានអាណត្តិ ៥ឆ្នាំ ហើយលោកក៏បានត្រឡប់មកកាន់ប្រទេសចិនវិញ នៅខែមីនា ឆ្នាំ១៩៩៤។ ក្រោយពីធ្វើការបំពេញទស្សនកិច្ច និងសិក្សាបន្ថែមនៅក្រៅប្រទេសរួមទាំង សហរដ្ឋអាមេរិកផងដែរ ពីឆ្នាំ ១៩៩៤ ដល់ ១៩៩៩ លោក វ៉ាង ក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសចិននៅខែកុម្ភៈ ឆ្នាំ២០០១។
នៅខែកញ្ញា ឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូប្រទេសជប៉ុនតែម្តង ដោយបានកាន់តំណែងរហូតដល់ខែកញ្ញា ឆ្នាំ២០០៧។ នៅខែមិថុនា ឆ្នាំ២០០៨ លោក វ៉ាង យី បានជំនួសតំណែងលោក ជិន យុនលីន ក្លាយជានាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋប្រជាមានិតចិន។
រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ក្រោយការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង លោក វ៉ាង ត្រូវបានតែងតាំងជាផ្លូវការ ក្លាយជារដ្ឋមន្ត្រីការបរទេសចិន ដោយមានការគាំទ្រពី សភាប្រជាជនចិន។
លោក វ៉ាង នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
ក្រោយពីមកដល់ភ្នំពេញ លោក វ៉ាង យី នឹងចូលបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ រដ្ឋមន្រ្តីការបរទេសចិន នឹងជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ហើយបន្ទាប់មកលោកនឹងជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបន្តជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលរសៀល៕