(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលហៅកាត់ថា «ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ» បានថ្លែងថា នៅក្នុងខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់កណ្ដាល និងថ្នាក់សាខា បានផ្ដល់នូវការឧបត្ថម្ភគាំទ្រ ផ្នែកជីវភាពដល់អ្នកផ្ទុក និងកើតជំងឺអេដស៍ ប្រមាណជាង៤,០០០គ្រួសារ នៅទូទាំងប្រទេស ចំណែកការផ្សព្វផ្សាយជាប្រយោលវិញជាងម៉ឺនគ្រួសារ។ ក្នុងនោះ សាខាចំនួន២២ ក៏បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»

លោកស្រីថ្លែងបញ្ជាក់ទៀតថា «អ្វីដែលក្រុមការងាររបស់យើង តែងតែធ្វើការផ្សព្វផ្សាយកន្លងមក ទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលផ្ទុកមេរោគអេដស៍ជាង៧ម៉ឺនគ្រួសារ គឺយើងតែងតែអំពាវនាវដល់បងប្អូនយើង ទៅយកថ្នាំប្រើប្រាស់ឱ្យបានទៀងទាត់, ពីបង្ការកុំឱ្យឆ្លងមេរោគអេដស៍ ដោយផ្ដោតសំខាន់ទៅទៅលើយុវជន ដើម្បីលើកកកម្ពស់ស្មារតីឱ្យគាត់ស្វែងយល់បន្ថែម ពីការទប់ស្កាត់ ការឆ្លងមេរោគអេដស៍នេះ និងធ្វើជាយុវជនគំរូ មិត្ដអប់រំមិត្ដ និងការងារអប់រំផ្សព្វផ្សាយជាច្រើនទៀតផងដែរ»

សម្រាប់តួលេខនៃការអ្នកឆ្លងជំងឺអេដស៍ថ្មី ក្នុងមួយឆ្នាំជិត១ពាន់នាក់នេះ អ្នកដែលប្រឈមខ្ពស់ គឺស្ដ្រីដែលបម្រើងការងារផ្លូវភេទ, ក្រុមស្រលាញ់ភេទដូចគ្នា, អ្នកប្រើប្រាស់គ្រឿងញៀន ដោយចាក់ម្ជុលរួមគ្នា និងអ្នកបប្លែងភេទ ឬភេទទី៣។ ដូច្នេះនៅក្នុងន័យនេះ គឺចង់ឱ្យសារអប់រំ ដែលបានផ្សព្វផ្សាយកន្លងមក បានទៅដល់ពួកគាត់។ នេះបើការបញ្ជាក់តាមរយៈការផ្ដល់កិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ក្នុងឱកាសលោកស្រីអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺអេដស៍ចំនួន ៣គ្រួសារ រស់នៅស្រុកកោះកុង និងស្រុកបទុមសាគរនៃខេត្ដកោះកុង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១៕

សូមទស្សនានូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារី សោភ័គ ដូចតទៅ៖