(កោះកុង)៖ លោក ជា សូវី ត្រូវបានតែងតាំងជាអភិបាលស្រុកកោះកុង ខេត្តកោះកុង ជំនួសលោក សោម សុធី ដែលបានចូលនិវត្តន៍។
ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនអភិបាលស្រុកកោះកុងនេះ ត្រូវបានរៀបចំឡើង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ផុន លិវិរៈ អភិបាលរងខេត្តកោះកុង និងមានការចូលរួមពីសំណាក់មន្រ្តីរាជការគ្រប់បណ្តាអង្គភាព និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងឱកាសទទួលមុខតំណែងថ្មីនេះ លោក ជា សូវី បានធ្វើសេចក្តីប្តេជ្ញាចិត្តថា ដើម្បីអនុវត្តទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងបម្រើប្រជាលរដ្ឋ។ លោកនឹងខិតខំប្តេជ្ញាចិត្តអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រទេសជាតិ និងអនុវត្តន៏ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ ហើយមានភាពសាមគ្គីភាព ជាមួយប្រជាពលរដ្ឋ យ៉ាងស្អិតរមួត រក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំទៅថ្ងៃមុខ។
ក្នុងឱកាសនេះដែរ លោក ផុន លិវិរៈ បានធ្វើការផ្តាំផ្ញើដល់មន្ត្រីទើបទទួលតំណែងថ្មីរូនេះ ដោយបានប្រាប់ថា «មន្រ្តីទាំងថ្មីទាំងចាស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនដើម្បីបម្រើប្រទេសជាតិ និងដើម្បីបម្រើប្រជាពលរដ្ឋឲ្យបាន ទូលំទូលាយ ត្រូវរកដំណោះស្រាយជូនគាត់នូវដំណោះស្រាយណាមួយ បើអាចដោះស្រាយបាន ហើយមន្ត្រីទាំងអស់ត្រូវចេះបង្កើន ធនធានមនុស្សនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងឲ្យក្នុងមូលដ្ឋារបស់ខ្លួនទទួលបានភាពរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ច និងទេសចរណ៏»។
លោកអភិបាលរងបានបន្តថា «មន្រ្តីទាំងអស់ត្រូវអនុវត្តទៅតាមគោលយោបាយរបស់រាជរដ្ឋាភិបាល ដែលបានប្រគល់ជូនត្រូវបើក ទូលាយក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅតាមមូលដ្ឋាន ត្រូវតែយកចិត្តទុកដល់ពួកគាត់ ផ្តល់សុវត្តិភាពជូនគាត់ មិនថាជិត ឬឆ្ងាយឡើយ៕