(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលហៅកាត់ថា NOCC បានផ្តល់ប្រាក់រង្វាន់ចំនួន ១០០០ដុល្លារ បន្ថែមដល់កីឡាការិនី ស៊ន សៀវម៉ី គ្រាដែលកីឡាការិនី ឈឿង ពុទ្ធារីម និងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក ឆយ យ៉ុងសុកទទួលបាន ៥០០ដុល្លារដូចៗគ្នា ដែលត្រូវបានប្រគល់ជូនរួចហើយតាមរយៈលោកបណ្ឌិត ថោង ខុន ប្រធាន NOCC។
សូមបញ្ជាក់ផងដែរថា នេះជាប្រាក់ឧបត្ថម្ភបន្ថែមពីលើប្រាក់រង្វាន់ ១៦០លានរៀលរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើ ស៊ន សៀវម៉ី និងគ្រូបង្វឹក ក្រោយពេល សៀវម៉ី ឈ្នះមេដាយមាស ពីវគ្គជម្រុះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន និងមេដាយប្រាក់១គ្រឿងទៀត ក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ជើងឯកអាស៊ីនៅហ្វីលីពីនដូចគ្នា។
ជាមួយគ្នានោះដែរ សម្រាប់មិត្តរួមជាតិកីឡាការិនី ឈឿង ពុទ្ធារីម ដែលប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៥៣គីឡូក្រាម ឈ្នះបានមេដាយសំរឹទ្ធ១គ្រឿងដែរ ក្រោយចាញ់កីឡាការិនីថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាអាស៊ី និងមិនបានឡើងទៅប្រកួតកីឡាអូឡាំពិក Rio Olympic Games 2016 នោះទេ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលនេះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា «ជាមហាកិត្តិយសណាស់ ទោះមិនបានឈ្នះមេដាយអូឡាំពិក តែយើងបានឈ្នះ សិទ្ធិទៅទីក្រុង Rio នៃប្រេស៊ីលនេះ វាពិតជាអស្ចារ្យណាស់ទៅហើយ»៕