(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean-Yves Le Drian បានថ្លែងប្រាប់វិទ្យុក្នុងស្រុកថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ អាចឲ្យយើងកម្ចាត់ពួកសកម្មប្រយុទ្ធ ISIS ចេញពីទឹកដីស៊ីរី និង អ៊ីរ៉ាក់ បានតាមរយៈការរួបរួមកម្លាំងគ្នាជាធ្លុងមួយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះទៀតថា «ខ្ញុំបានមើលឃើញពីការ ថមថយរបស់ពួក ISIS ហើយវាពិតជារឿងមួយដ៏គួរឲ្យកត់សម្គាល់។ គិតចាប់តាំងពីការលុកលុយប្រទេសស៊ីរី និង អ៊ីរ៉ាក់ ពីខែមិថុនា ឆ្នាំ២០១៤មក ខ្ញុំគិតថា ក្រុមសកម្មប្រយុទ្ធនេះបានបាត់បង់ទឹកដីរបស់ខ្លួន ពី៣០ ទៅ៤០ភាគរយទៅហើយ»។
គួរបញ្ជាក់ថា នៅរយៈពេលជាងមួយឆ្នាំមកនេះកងកម្លាំងសម្ព័ន្ធមិត្តអាមេរិក និង អឺរ៉ុប បានធ្វើការគាំទ្រ កងកម្លាំងពួក ឃឺដ និងកងទ័ព អ៊ីរ៉ាក់ ធ្វើការវាយប្រហារទីតាំងសំខាន់ៗរបស់ពួក ISISក្នុងទឹកដី អ៊ីរ៉ាក់ និង ស៊ីរី។ បន្ថែមពីលើនេះ អន្តរជាតិក៏បានព្យាយាមកាត់ផ្តាច់ សសៃឈាមសេដ្ឋកិច្ចរបស់ពួក ISIS ប្រកបដោយប្រសិទ្ធភាព ផងដែរ៕