(ភ្នំពេញ)៖ លោកស្រី Harriet Tubman បានក្លាយជាស្រ្តីទីមួយ ដែលមានរូបក្នុងរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក ចាប់តាំងពីសតវត្ស ទី១៩មក។ នេះបើតាមការបញ្ជាក់ នៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកនៅកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។
លោកស្រី Harriet Tubman ជាស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ក្នុងចំណោមមនុស្សច្រើនលាននាក់ ដែលរស់នៅក្នុងរបបទាសភាព នៃសហរដ្ឋអាមេរិក ហើយជាអ្នកចូលរួមតស៊ូដើម្បីទាមទារសិទ្ធិសេរីភាព ឱ្យប្រជាជនអាមេរិច នៅចុងសតវត្សទី១៨។ ការតស៊ូទាមទារ សេរីភាពរបស់លោកស្រីត្រូវបានចងចាំក្នុងចិត្តប្រជាជនលើសកលលោកជានិច្ច។ ក្រោយពីការស្លាប់របស់លោកស្រី នៅឆ្នាំ១៩១៣ គេបានសាងសង់រូបសំណាក់របស់គាត់់ នៅទីក្រុងញូវយ៉ក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក នាថ្មីៗនេះ បានប្រកាសអំពីការប្ដូររូបក្នុងក្រដាសប្រាក់២០ដុល្លារ នាពេលឆាប់ៗនេះដោយដាក់រូប លោកស្រី Harriet Tubman ជំនួសលោក Andrew Jackson ហើយការប្ដូរនេះក្នុងគោលបំណង ដើម្បីបញ្ជាក់អំពីអត្ថន័យនៃ លទ្ធិប្រជាធិបតេយ្យ ភាពចំរុះ និងសមភាព ត្រូវបង្ហាញបានកាន់តែល្អ នៅលើរូបិយប័ណ្ណអាមេរិក ឱ្យប្រជាជនលើសកលលោក បានឃើញ៕