(ព្រះសីហនុ)៖ លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ បានដឹកនាំការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីប្រចាំការ នៅតាមមណ្ឌលព័ត៌មានទេសចរណ៍ រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលបណ្តុះបណ្តាលរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិកដែលធ្វើការប្រចាំនៅតាមមណ្ឌលព័ត៌មានទេសចរណ៍ ដើម្បីគ្រប់គ្រងលើប្រតិបត្តិការមណ្ឌលព័ត៌មានទេសចរណ៍ និងបង្កើនសមត្ថភាពសេវាបដិសណ្ឋារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីត្រៀមការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងធ្វើក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

លោក គុជ បញ្ញាសា បានលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីតម្រូវការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុង ដែលបានជំរុញឲ្យមានការបង្កើននូវការគ្រប់គ្រងព័ត៌មានទេសចរណ៍ឱ្យកាន់តែច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើការផ្តល់ព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរ។

លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងពីសារសំខាន់នៃមណ្ឌលព័ត៌មានទេសចរណ៍ថា «ទោះបីជាយើងកំពុងដើរក្នុងសម័យឌីជីថលនៃបដិវត្តិឧស្សាហកម្ម៤.០ក៏ដោយ យើងក៏ត្រូវការមណ្ឌលព័ត៌មានទេសចរណ៍ជាលក្ខណៈរូបវន្តផងដែរ»

លោកប្រធានក្រុមការងារក៏បានលើកឡើងផងដែរថា ការធ្វើដំណើរជាទេសចរណ៍ទាមទារចាំបាច់នូវការស្វែងរកព័ត៌មានដែលទាក់ទងនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជា ព័ត៌មានអំពីការស្នាក់នៅ មធ្យោបាយធ្វើដំណើរ ការហូបចុក កន្លែងដែលទាក់ទាញ និងសេវាកម្មទ្រទ្រង់ទេសចរណ៍ផ្សេងៗទៀត ដែលជំរុញពីភាពចាំបាច់ថាតំបន់គោលដៅទេសចរណ៍ត្រូវមានមណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរព័ត៌មានទេសចរណ៍ ជាពិសេសនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

គួរកត់សម្គាល់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានមណ្ឌលព័ត៌មានទេសចរណ៍ (Tourist Information Center) ដែលមានស្រាប់សរុបចំនួន៣៤កន្លែង និងគម្រោងសាងសង់ក្នុងផែនការរបស់មន្ទីរទេសចរណ៍តាមរាជធានី-ខេត្តចំនួន១៨កន្លែងទៀត។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប៥០នាក់ភាគច្រើនជាមន្ត្រីរាជការ និងបុគ្គលិកដែលប្រចាំនៅតាមមណ្ឌលព័ត៌មានទេសចរណ៍មកពីខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង និងមានតំណាងរដ្ឋបាលខេត្តព្រះសីហនុ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ តំណាងមន្ទីរទេសចរណ៍ខេត្តទាំងបួនជាប់តំបន់ឆ្នេរ និងថ្នាក់ដឹកនាំនៃក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍៕