(តាកែវ)៖ ខណៈដែលតម្លៃអគ្គិសនី ត្រូវបានបញ្ចុះថ្លៃពី៩២០រៀល ក្នុងមួយគីឡូវ៉ាត់ មកនៅត្រឹម៧៨០រៀល ក្នុងមួយគីឡូវ៉ាត់ ក្រុមប្រជាពលរដ្ឋ នៅក្នុងក្រុងដូនកែវ បាននាំគ្នាស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយអន្តរាគមន៍ ទៅក្រុមផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ ជាង៤ពាន់គ្រូសារ នៅក្នុងក្រុងដូនកែវ ជួយបញ្ចេញចុះតម្លៃមួយដែលអាចឲ្យប្រជាពលរដ្ឋទទួលយកបាន។
ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅក្នុងសង្កាត់បារាយ៍ ក្រុងដូនកែវលោកស្រី ដារី បានចាត់ទុកតម្លៃទឹកស្អាត នៅក្រុងដូនកែវ នាពេលបច្ចុប្បន្ននេះ គឺមានតម្លៃថ្លៃណាស់ ពោលតម្លៃទឹកនៅក្នុងក្រុងដូនកែវ ក្នុង១ម៉ែត្រគូបតម្លៃ២ពាន់រៀលបូក និងថ្លៃតែទាំងកុងទ័រ ១ពាន់រៀលទៀត។ តម្លៃនេះបើប្រៀបធៀប និងខេត្តផ្សេងៗទៀតនិងរាជធានីភ្នំពេញ គឺជាតម្លៃដ៏ខ្ពស់មួយ។ នៅភ្នំពេញទឹក១ម៉ែត្រគូប តម្លៃតែជាង៦រយរៀលប៉ុណ្ណោះ។
លោកស្រីបានសង្កត់ធ្ងន់ថា « ខ្ញុំរំពឹងថាឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នឹងអន្តរាគមន៍ទៅក្រុមហ៊ុនដើម្បីធ្វើយ៉ាងណា ឲ្យក្រុមបញ្ចុះតម្លៃដូច និងតម្លៃអគ្គិសនីដែលទើបចាប់ផ្ដើមបញ្ចុះតម្លៃ នៅខែមេសានេះ»។ ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀតដែលមាន ទីលំនៅក្នុងសង្កាត់រកាក្នុង បានរិះគន់ក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវថា ខ្វះទទួលការខុសត្រូវចំពោះសុខភាពរបស់ប្រជាពលរដ្ឋព្រោះទឹក ប្រើប្រាស់នាពេលបច្ចុប្បន្ន មានសភាពល្អក់កករ និងធំក្លិនស្អុយរីឯបឹងតាកែវ ដែលក្រុមហ៊ុនយកទឹកមកប្រើមិនបានការកាយសំរាម ចេញពីបឹងនោះទេ។
ពោលបឹងនេះមើលទៅគគ្រឹចហើយក្រុមហ៊ុនមិនបានគិតគូពីបញ្ហានេះទេគេគិតតែពីរឿងដលើខែយកលុយតែប៉ុណ្ណោះ។ លោកបានសង្កត់ ធ្ងន់ថា «អាជ្ញាធខេត្តតាកែវ គួតែពិនិត្យមើលពីបញ្ហានេះ ហើយគួតែហៅក្រុមហ៊ុន ទឹកស្អាតខេត្តតាកែវនេះមកដុះក្អែលផង។ ម្យ៉ាងទៀត តម្លៃគឺថ្លៃជាងនៅភ្នំពេញ ថែមទៀតផង ខណៈពេលដែលប្រជាពលរដ្ឋ តាមខេត្តមិនមានជីវភាពធូធារ ដូចនៅភ្នំពេញនោះទេ»។ ទាក់ទងទៅ និងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោក សុខ ប៉ោ តំណាងក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ខាងក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ និងមិនបញ្ចុះតម្លៃទឹកនោះទេ ព្រោះតម្លៃអគ្គិសនីនៅមិនបានបញ្ចុះ សម្រាប់ក្រុមហ៊ុនខ្លួនឡើយ។ ហើយម្យ៉ាងទៀតក្រុមហ៊ុន ទើបតែបញ្ចុះតម្លៃជូនប្រជាពលរដ្ឋពីថ្លៃថែទាំកុងទ័រ ពីមួយខែ១ពាន់រៀលមកនៅ៨រយរៀលក្នុងមួយខែ។
លោក យស់ ណាស៊ី អ្នកនាំពាក្យសាលាខេត្ត និងជាអភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រសិនបើមានការស្នើសុំពីប្រជាពលរដ្ឋ ឲ្យមានការបញ្ចុះតម្លៃទឹកពិតប្រាកដមែននោះ អាជ្ញាធខេត្តតាកែវនិងធ្វើការកោះហៅខាងក្រុមហ៊ុនទឹកស្អាតក្រុងដូនកែវ មកជជែក ពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយមួយទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ៕