(ឧត្តរមានជ័យ)៖ មេខ្យល់ម្នាក់ដែលតែងនាំពលករលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនដើម្បីចាត់ការទៅតាមច្បាប់។

មន្ត្រីនគរបាលព្រំដែនគោក បានថ្លែងឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាល បានចុះល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់។

ជាក់ស្តែងនៅនៅថៃ្ងទី២០ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) អាយុ៥៤ឆ្នាំ ជាមុខសញ្ញាមេក្លោងនាំពលករឆ្លងដែនខុសច្បាប់យ៉ាងសកម្ម មានទីលំនៅភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕