(បាត់ដំបង)៖ ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបាត់ដំបង បានបើកយុទ្ធនាការដាំកូនឈើឡើងវិញនៅតំបន់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងតំបន់៣ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមទី៣ ទទួលបន្ទុកខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក កុសុម សុភីនរ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត យុវជន ប្រមាណជិត៤០០នាក់ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។
នៅក្នុងការបើកយុទ្ធនាការដាំកូនឈើឡើងវិញនេះ លោក សុខ លូ បានថ្លែងថា «ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹង ទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុកចំនួន៤ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺមានស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកសង្កែ និងស្រុកមោងឬស្សី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុកទាំង៤ និងអាជ្ញាស្រុកសាម៉ី ត្រូវទទួលខុសត្រូវក្នុងការដាំ និងថែទាំបន្ត»។
យុទ្ធនាការដាំកូនឈើឡើងវិញនេះ រដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងនៅចំណុចព្រំប្រទល់បង្គោលកំណត់រវាងតំបន់២ និងតំបន់៣ ត្រង់បង្គោលលេខ២៨៥, ២៧៦ និង២៨៧ ដោយដាំនូវកូនឈើចំរុះ ដូចជាត្នោត ដើមរាំង ខ្ទុំ។ល៕