(កោះកុង)៖ ចូលឆ្នាំថ្ងៃដំបូងនាយខ្វែកបានឆ្លៀតនាំកូន និងមិត្តភក្ដិទៅដើរលេង និងស្ទូចត្រីនៅកោះស្ដេចខេត្តកោះកុង ដែលជាតំបន់ទេសចរធម្មជាតិដែនកោះ ហើយកន្លងមកហាក់ដូចនៅឆ្ងាយដាច់សង្វែង ព្រោះតែពុំមានផ្លូវគោកល្អសម្រាប់ធ្វើដំណើរទៅដល់ដោយងាយស្រួល។
បច្ចុប្បន្នដោយសារតែមានក្រុមហ៊ុនគេធ្វើផ្លូវក្រាលកៅស៊ូធំល្វឹងល្វើយតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់ចំណុចហួសស្ពានអណ្ដូងទឹកបន្តិចចូលទៅទើបធ្វើអោយតំបន់ទេសចរធម្មជាតិនាតំបន់កោះស្ដេច ហាក់មានសភាពអ៊ូរអជាងមុន និងភ្ញៀវទេសចរពីចម្ងាយគេចាប់ផ្ដើមស្គាល់ច្រើន។ ក្នុងដំណើរទេសចរកំសាន្តតាមកោះមើលទេសភាពធម្មជាតិ និងជិះទូកស្ទូចត្រី ដែលជាចំណូលចិត្តរបស់នាយខ្វែក ហើយអ្វីដែលធ្វើអោយនាយខ្វែកមានការចាប់អារម្មណ៍ ក្រៅតែពីជីវភាពរស់នៅ និងការប្រកបអាជីវកម្មរបស់អ្នកស្រុក ទេសភាពធម្មជាតិតាមដែនកោះ ដ៏ប្លែកភ្នែកនោះ គឺកប៉ាល់សមុទ្រធំៗចំនួន២គ្រឿង ត្រូវបានគេបោះយុទ្ធថ្កាចតចោលនៅកណ្ដាលសមុទ្រ ក្បែរកោះឆាន់ទល់មុខនឹងកោះស្ដេចតែម្ដង។ បានជានាយខ្វែកចាប់អារម្មណ៍ ព្រោះកាលពីចុងឆ្នាំ២០១៥ ខណៈនាយខ្វែកទៅដើរលេងនៅកោះស្ដេចជាលើកទី១ក៏បានឃើញកប៉ាល់ខាងលើចតនៅកន្លែងដដែលហ្នឹងដូចគ្នា។
តាមការសាកសួរអ្នករត់ម៉ូតូឌុបក៏ដូចជាអ្នកប្រកបរបរនេសាទសមុទ្រ រួមទាំងសមត្ថកិច្ចតូចតាចនៅកោះស្ដេច បានអោយដឹងថា កប៉ាល់ខាងលើគឺជាកប៉ាល់របស់ឈ្មួញថៃឃុបឃិតគ្នាជាមួយឈ្មួញខ្មែរនាំប្រេងសាំង ប្រេងម៉ាហ្សូតអត់បង់ពន្ធយកមកលក់ផ្ដាច់មុខនៅស្រុកបុទុមសាគររួមទាំងមានឈ្មួញកណ្ដាលទិញបន្តយកទៅលក់ដល់ស្រុកផ្សេងៗទៀតផងដែរ (មានផែពោងប្រេងនៅកោះស្ដេច)ជាពិសេសលក់អោយកប៉ាល់ និងទូកនេសាទសមុទ្រតែម្ដងដោយមិនចាំបាច់ចូលចាក់ប្រេងនៅតាមកោះនាំខាតពេលនោះទេ។ អ្នកកោះស្ដេចបានរៀបរាប់ថាកប៉ាល់ដឹកប្រេងអត់បង់ពន្ធយកមកចតលក់ដោយចំហរខាងលើគឺកើតមានជាយូរឆ្នាំមកហើយដោយកប៉ាល់១គ្រឿងចតលក់ កប៉ាល់១គ្រឿងទៀតជាអ្នកដឹកជញ្ជូន យកមកផ្គត់ផ្គង់អោយ ដោយគេមិនបានឃើញមន្ត្រីមានសមត្ថកិច្ចជាពិសេសគយចុះទៅសួរនាំឬចាប់អោយបង់ពន្ធអ្វីឡើយ។និយាយរួមរវាងឈ្មួញ និងមន្ត្រីហាក់ដូចជាដឹងម៉ូ ត្រូវដងត្រូវផ្លែគ្នាអស់ហើយ ទើបបានជាមិនរវីរវល់បែបនេះ។
អ្នកដឹងរឿងបានបង្ហើបអោយដឹងថាតាមពិតនៅលើផ្ទៃសមុទ្រមិនមែនមានតែកប៉ាល់២គ្រឿងនេះនោះទេ គឺមានកប៉ាល់ដឹកប្រេងនាំចូលពីប្រទេសថៃអត់បង់ពន្ធយកមកចតលក់នៅលើដែនសមុទ្រផ្គត់ផ្គង់អោយទូក កប៉ាល់នេសាទ និងបណ្ដាលស្រុក ខេត្តជាប់សមុទ្ររាប់សឹបគ្រឿងឯណោះ គ្រាន់តែគេចែកប្លុកគ្នាគ្រប់គ្រងការផ្គត់ផ្គង់ តំបន់ណាគ្រប់គ្រងដោយ ឈ្មួញ និងអ្នកមានអំណាចណាកាង ទៅតាមការបែងចែកពីអ្នកមានឥទ្ធិពល។ចំណែកគយគ្រប់គ្រងខាងប្រេងនិងគយនៅតាមដែនដីសមត្ថកិច្ចរបស់ខ្លួនដែលមានប្រេងរត់ពន្ធ ចូលគឺនាំគ្នាអង្គុយចាំតែទទួលលាភសក្ការៈពីឈ្មួញតែប៉ុណ្ណោះ ព្រោះតែគេយល់ថាការរត់ពន្ធប្រេងចូលយកមកលក់នៅកណ្ដាលសមុទ្រ និងនៅលើដីគោកតែគេទិញយកទៅប្រើអស់ គ្មានសល់ភស្តុតាងដូចឡាន ដូចម៉ូតូនាំចូលអត់បង់ពន្ធនោះទេ។
អ្នកដឹងរឿងរត់ពន្ធប្រេងលក់នៅលើផ្ទៃសមុទ្របានអះអាងថា ក្នុងមួយខែៗរដ្ឋបាត់ចំណូលពន្ធមិនតិចនោះទេ ព្រោះទូក កប៉ាល់នេសាទ និងទូកដឹកជញ្ជូនទាំងអស់នៅលើផ្ទៃសមុទ្រស្ទើ១០០ភាគរយ គឺប្រើប្រេងគេចពន្ធ ដែលប្រេងអត់បង់ពន្ធនាំចូលគេលក់នៅកណ្ដាលសមុទ្រសម្រាប់ទូកឬកប៉ាល់ទិញចាក់ម៉ាសុីនម៉ាហ្សូត១លីត្រតែជាង១០បាតប៉ុណ្ណោះ។ ដូច្នេះសូមអគ្គនាយកគយនិងរដ្ឋាករ ជាពិសេសលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរតែមានការចាប់អារម្មណ៏ផង កុំជឿតែលើថ្នាក់ក្រោមពេក។
ជាក់ស្ដែងដូចជាកប៉ាល់ដឹកប្រេងសាំង ប្រេងម៉ាហ្សូតសរសេរអក្សរថៃចតនៅក្បែរកោះឆាន់ចំពីមុខកោះស្ដេច ដែលនាយខ្វែកថតបានដូចមានក្នុងរូបនេះជាភស្តុតាងស្រាប់ បើអ្នកប្រើទិញតិចតួចគឺគេកំណត់អោយចូលទិញនៅផែពោងប្រេងនៅកោះស្ដេច តែគេលក់ថ្លៃបន្តិច ១លីត្រម៉ាហ្សូតខ្ទង់ជិត២០បាត តែបើទិញច្រើនចាក់ទូក ចាក់កប៉ាល់ គឺគេចេញបុងអោយទៅចាក់ដល់កប៉ាល់តែម្ដង១លីត្រតែជាង១០បាតប៉ុណ្ណោះ៕