(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ ដើម្បីប្រជុំពិភាក្សា ជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួនបី រួមមានសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃសារការី សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃក្រឡាបញ្ជី និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈ នៃអាជ្ញាសាលា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងយុត្តិធម៌។
សេចក្តីព្រាងច្បាប់ទំាងបីនេះ មានគោលដៅគ្រប់គ្រង និងលើកតម្កើងវិជ្ជាជីវៈច្បាប់ និងតុលាការ, ពង្រឹងសុវត្ថិភាពគតិយុត្តជូនសាធារណជន ជាពិសេសវិនិយោគិន, បង្កើនប្រសិទ្ធភាព និងវិសាលភាពនៃសេវាច្បាប់ និងយុត្តិធម៌, រួមចំណែកក្នុងការបង្ការ និងកាត់បន្ថយជម្លោះ និង បណ្តឹង នៅតាមសាលាជម្រះក្តី ជាពិសេសចំពោះវិវាទដីធ្លី ព្រមទាំងលើកកម្ពស់ទំនុកចិត្ត របស់ប្រជាពលរដ្ឋលើវិស័យច្បាប់ និងយុត្តិធម៌។
នៅក្នុងកិច្ចប្រជុំនេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីបានជំរុញការរៀបចំ និងចង់ឃើញសេចក្តីព្រាងច្បាប់ទំាងបីចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ ២០១៦នេះ។ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍៕