(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៥ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានី-ខេត្ត ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបង្រ្កាបបទល្មើសគ្រឿងញៀនកំរិតត្រីគុណចំនួន ២២៣៥ករណី កើនបាន១.៣៦០ករណី ស្មើ១៣៦.៥៤ភាគរយ ឃាត់ខ្លួនបានជនសង្ស័យ៥០៣២នាក់ កើន២.៧៩៧នាក់ កើនបាន២៧៩៧នាក់ ស្មើ ១២៥.១៤ភាគរយ។
នេះបើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន នៅក្នុងពិធីបើកសន្និបាតផ្សព្វផ្សាយសភាពការណ៍ កិច្ចប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា វត្ថុតាងគ្រឿងញៀនចាប់យកមាន ៩៦គ.ក្រ ០៤៩.៣៤ក្រាម និងកញ្ឆាស្ងួត ១តោនកន្លះ បំផ្លាញកញ្ឆា១១.០០១ដើម និងបង្កទ្រព្យ ៨កន្លែង លើចំនួនមានពីមុន ១៣កន្លែង ព្រមទាំង រឹបអូសមធ្យោបាយ សម្ភារ ពាក់ព័ន្ធបទល្មើសច្រើនទៀត។
លោក ម៉ក់ ជីតូ បានបន្តថា បើយោងតាមស្ថិតិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា មានអ្នកប្រើប្រាស់ គ្រឿងញៀនចំនួន១៦ ៥៧៥នាក់ នៅកម្ពុជា។ ពិធីបើកសន្និបាតផ្សព្វផ្សាយសភាពការណ៍ កិច្ចប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ មានការចូលរួមពី លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រននាក់ទៀត៕