(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុន អ៊ីហ្ស៊ីខម ដំណើរការកម្មវិធី Ezecom App ដែលប្រតិបត្តិការ នៅលើទូរស័ព្ទ ស្មាតហ្វូន និងថេបប្លេត រយៈពេលជិត១ឆ្នាំមក កម្មវិធីនេះ មានគេទាញយកមកប្រើប្រាស់ជាង៦ម៉ឺនដង។ នេះបើយោងតាមទិន្នន័យ របស់ក្រុមហ៊ុន Google និង Apple។
កម្មវិធីឥតគិតថ្លៃនេះ មានដូចជា ព័ត៌មានថ្មីៗ អំពីក្រុមហ៊ុនអ៊ីហ្ស៊ីខម រូបភាពបន្តផ្ទាល់ ពីកាមេរ៉ាចរាចរណ៍ វិទ្យុ និងព័ត៌មានលម្អិត អំពីរបៀបចុះឈ្មោះ ឬទំនាក់ទំនងមកកាន់ ក្រុមហ៊ុនអ៊ីហ្ស៊ីខម។
កម្មវិធី Ezecom App ដែលចាប់ផ្តើមដំណើរការកាលពីខែ មិថុនា ឆ្នាំ២០១៥ គឺអាចប្រើប្រាស់បាន ទាំងទូរស័ព្ទដៃដំណើរការប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS។
លោក ហែម សុវត្ថិ អគ្គនាយករងក្រុមហ៊ុនអ៊ីហ្ស៊ីខម បានឲ្យដឹងថា ការគាំទ្រនូវកម្មវិធីនេះ ទំនងជាមកពីលទ្ធផលនៃកាមេរ៉ាចរាចរណ៍ និងវិទ្យុផ្សាយផ្ទាល់ ដោយសារក្នុងនោះសកម្មភាពចរាចរណ៍ ត្រូវបានផ្សាយផ្ទាល់ចេញពីកាមេរ៉ាចំនួន១០ របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលបានដំឡើងនៅតាមដងផ្លូវដែលកកស្ទះខ្លាំងមួយចំនួន ក្នុងក្រុងភ្នំពេញ។
លោក ហែម សុវត្ថិ បានបន្តថា ក្នុងគោលបំណងចូលរួមចំណែក ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដោយអ្នកធ្វើដំណើរកាន់តែច្រើនឡើង ក្នុងអំឡុងពេលចេញ ទៅធ្វើការ និង ត្រឡប់មកពីធ្វើការវិញ។ ដូច្នេះ ពួកគាត់អាចមើលឃើញចរាចរណ៍ តាមផ្លូវបានយ៉ាងងាយស្រួល នៅលើទូរស័ព្ទរបស់គាត់។
លោក បន្តថា «កម្មវិធីពិសេសនេះ ត្រូវបានបង្កើតឡើងដោយស្រប ទៅនឹងគំនិតផ្តួចផ្តើម សុវត្ថិភាពចរាចរណ៍ នៅកម្ពុជា ក៏ដូចជាស្តែងឲ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់មួយរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ចំពោះការទទួលខុសត្រូវ សង្គមនៅក្នុងប្រទេសកម្ពុជាផងដែរ»។
កាមេរ៉ាផ្សាយផ្ទាល់ របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានដំឡើងនៅលើផ្លូវស្ពានអាកាស ៧មករា,ក្បាលថ្នល់,ផ្លូវស៊ីសុវត្ថិ,មហាវិថីព្រះមុនីវង្ស ,មហាវិថីព្រះមុនីរ៉េត (សណ្ឋាគារអ៊ីនធើខន) មហាវិថីអង្គរ (រង្វង់មូលកាំកូ),ទួលគោក,ចោមចៅ, មហាវិថីហ្សាដឺហ្គោល (ពហុកីឡាដ្ឋានជាតិអូឡាំពិក),ស្ទឹងមានជ័យ និងមហាវិថីរុស្ស៊ី (រតនា ផ្លាហ្សា)។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាស អាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់ នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងទីផ្សារកម្ពុជា។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយកក្រុមហ៊ុន ខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិត ដែលមានល្បឿនលឿន និងទុកចិត្តបំផុត មកកាន់ប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ តាមរយៈការបង្កើត ខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕