(ឧត្តរមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ៣៦ខ្នង បានជួបគ្រោះខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំ និងប៉ើងដំបូលនៅព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ អភិបាលខេត្តឧត្តរ មានជ័យ លោក ស ថាវី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរចុះជួយជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋឡើងវិញ។
លោក អ៊ុន សុភក្រ័ អភិបាលក្រុងសំរោងបានឲ្យដឹងថា គ្រោះធម្មជាតិ បានប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងភូមិគោកចាន់រី សង្កាត់កូនគ្រៀល និងភូមិខ្នាចឫស្សី សង្កាត់បន្សាយរ៉ាក់។ បើតាមលោក អ៊ុន សុភ័ក្រ ផ្ទះប្រជាពលរដ្ឋ ៥ខ្នងបានដួលរលំ និង ៣១ខ្នងទៀត ប៉ើងដំបូល និងទ្រេត។
ទន្ទឹមនិងការរងគ្រោះរបស់ប្រជាពលរដ្ឋនេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ រួមជាមួយអភិបាលរង មន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុងសំរោង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលលំនៅដ្នានប្រជាពល រដ្ឋដោយផ្ទាល់។
លោក ស ថាវី បានសំដែងនូវការសោកស្តាយ ចំពោះហេតុការណ៍ខ្យល់កន្ត្រាក់ ដែលធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនេះ។ ជាមួយការសោកស្តាយ លោក ស ថាវី បានប្រាក់ក្រុមការងារកាកបាទក្រហមកម្ពុជា ប្រចាំខេត្តឧត្តរមានជ័យ រៀបចំអំ ណោយកាកបាទក្រហម ទៅចែកជូនប្រជាពលរដ្ឋនៅថ្ងៃស្អែក និងបញ្ជាកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាមួយអជ្ញាធរក្រុងត្រូវនាំគ្នាចុះមកជួយជួសជុលផ្ទះ ជូនប្រជាពលរដ្ឋតាមគោលដៅរៀងខ្លួន។
ជាមួយការចុះពិនិត្យដោយផ្ទាល់នាព្រឹកមិញនេះ លោក ស ថាវី បានឧបត្ថម្ភថវិកាជួនគ្រួសារ ដែលខ្យល់បក់រលំផ្ទះទាំងស្រុង៥គ្រួសារ ក្នុងមួយគ្រួសារ១០០ដុល្លារ និងឧបត្ថម្ភ ដល់គ្រួសារ ដែលផ្ទះត្រូវខ្យល់បក់ប៉ើងដំបូល និងទ្រេត ក្នុងមួយគ្រួសារ៥០ដុល្លារផងដែរ។
យោងតាមមន្រ្តីសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ខ្យល់កន្ត្រាក់បានធ្វើឲ្យរលំ និងប៉ើង ដំបូលផ្ទះសរុប ១៦៨ខ្នង៕