(រតនគិរី)៖ សព្វថ្ងៃគេសង្កេតឃើញ ឥវ៉ាន់ចាប់ហួយ ជាច្រើនប្រភេទ ដឹកចូលពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សង្ស័យបង់ពន្ធជូនរដ្ឋ មិនគ្រប់មកស្តុកទុកសម្រាប់លក់ដុំរាយ ក្នុងឃ្លាំងមួយកន្លែង ជាប់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ម្ចាស់ឃ្លាំងឈ្មោះ ពៅ ជាជនជាតិវៀតណាម បាននិយាយថា គាត់ទិញពីឥវ៉ាន់ចាប់ហួយ ពីក្រុមអាជីវករ ដែលដឹកមកលក់ឲ្យគាត់ ទោះបីទំនិញមានពន្ធ ឫអត់ពន្ធក៏ដោយ។
លោក ផន អនុប្រធានស្នាក់ការគយ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ថា ទំនិញចាប់ហួយរបស់ម្ចាស់ឈ្មោះពៅ មិនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេ តែលោកមិនបានឆ្លើយចំចំពោះឃ្លាំងស្តុកខាងលើនេះឡើយថា តើមានការបង់ពន្ធចូលរដ្ឋឬយ៉ាងណានោះ។ ចំណែកឯ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី លោក នូវ ដារ៉ា បានបញ្ជាក់ថា លោកមិនបានដឹងពីទំនិញដឹកមកស្តុកទុកក្នុងឃ្លាំងខាងលើនោះទេ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើលដល់ឃ្លាំងជាក់ស្តែងតែម្តង៕