(ភ្នំពេញ)៖ គ្រាន់តែបើកសម្ពោធ ដាក់បញ្ចាំងជាផ្លូវការភ្លាម នូវខ្សែភាពយន្តដែលមានចំណងជើងថា «ទង់ព្រលឹង» ជាវណ្ណកម្មទី២ របស់ផលិតកម្ម Red Picture បន្ទាប់ពីរឿង«ភូមិអត់មនុស្ស» ត្រូវបានគេសង្កេតឃើញថា មានទស្សនិកជនយ៉ាងច្រើនកុះករ បានចូលរួមទស្សនា នៅរោងភាពយន្ត Legend មានជ័យ ធ្វើឲ្យចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំសម្ដែងក្នុងរឿងនេះ បានសម្ដែងក្ដីរំពឹងថា អាចនឹងទទួលបានជោគជ័យខ្ពស់ ហួសពីការរំពឹងទុក។
ក្នុងពិធីបើកសម្ពោធ ដើម្បីចាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ នៅរោងភាពយន្ត Legend មានជ័យ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ គេសង្កេតឃើញ មានវត្តមានចាងហ្វាងផលិតកម្មជាច្រើន បានចូលរួម ក្នុងនោះមានដូចជា លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture,លោក យឹម សុសត្យា អ្នកគ្រប់គ្រប់ទូទៅក្នុងផលិតកម្ម រ៉ក់,លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម Angkor Picture និងជាពិសេសវត្តមានពីសំណាក់លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករ-សិល្បការិនីល្បីៗ ទស្សនិកជនយ៉ាងច្រើនកុះករ។
លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងកោតសរសើរ ដល់ផលិតកម្ម Red Picture ដែលបានផលិតរឿងឡើង មានគុណភាព ទាក់ទាញអ្នកគាំទ្រ ហើយលោកមើលឃើញថា ភាពយន្តខ្មែរកំពុងតែរីកចម្រើន ឆ្ពោះទៅមុខជាលំដាប់ ។ លោកបានបញ្ជាក់ថា មានផលិតកម្មខ្លះ ផលិតរឿងបានល្អ មានអ្នកគាំទ្រច្រើន ហើយក៏នៅមានផលិតកម្មខ្លះទៀត ផលិតរឿងនៅមានកម្រិត ប៉ុន្តែផលិតកម្មនោះ ក៏អាចយល់បានដែរថា ហេតុអ្វីបានជាខ្លួនផលិតរឿងមក ពុំសូវបានអ្នកទស្សនា ពុំសូវមានអ្នកគាំទ្រ ។
លោកបានបន្តថា ឧស្សាហកម្មភាពយន្តរបស់ប្រទេសកម្ពុជា កំពុងតែដើរឆ្ពោះទៅមុខ ដើម្បីឲ្យស្របទៅនឹងសមាហរណកម្មអាស៊ាន ដែលប្រទេសយើងត្រូវការ ធនធានមនុស្សជាច្រើនទៀត ដើម្បីផលិតភាពយន្ត ឲ្យមានគុណភាពខ្ពស់ ចូលទៅក្នុងទីផ្សារអាស៊ាន ហើយលោកពិតជាសប្បាយរីករាយណាស់ ដែលបានឃើញផលិតករ ចាងហ្វាងផលិតកម្មទាំងអស់ ចេះសហការគ្នា ចេះរួបរួមគ្នា ដើម្បីភាពរីកចម្រើន នៃវិស័យភាពយន្តរបស់ខ្មែរយើង។
ដោយឡែក លោក ដៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានប្រាប់ឲ្យដឹងថា ថ្វីដ្បិតតែរឿង«ទង់ព្រលឹង» ជាភាពយន្តថតបន្តមកពីរឿង«ភូមិអត់មនុស្ស»ពិតមែន ប៉ុន្តែរឿងនេះ មានលក្ខណៈពិសេស មានភាពទាក់ទាញច្រើន ជាងរឿងមុន។ ជាពិសេសតារាសម្ដែង តារាកំប្លែង និងបច្ចេកទេសថត មានលក្ខណៈប្លែកពីគេ ដោយលោកបានបញ្ចូលបទចម្រៀងចំនួន៣បទ ច្រៀងដោយអ្នកនាង មាស សុខសោភា លោក គូម៉ា និងមួយបទទៀត ច្រៀងចម្រុះដោយតារាសម្ដែងក្នុងរឿងនេះ ទាំងអស់។
លោកបន្តទៀតថា ចំណុចពិសេសនៃរឿងនេះ ត្រូវបានផ្ដោតសំខាន់ទៅលើកំប្លែង មន្តអាគម អាភិនិហា ខ្មោចព្រាយ បិសាច និងការភ័យរន្ធត់ ហើយសម្រាប់ការផលិត គឺមានការសម្រិតសម្រាំងយ៉ាងល្អ ។ លោកបានសង្កេតឃើញថា សន្ទុះនៃការគាំទ្ររឿងនេះ គឺមានច្រើនមែនទែន ហើយក្រោយពីការដាក់បញ្ចាំងរំពឹងថា នឹងទទួលបានជោគជ័យខ្ពស់៕